(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រឹងប្រែងបំពេញការងារឲ្យល្អ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលគ្រោងរៀបចំធ្វើនៅឆ្នាំ២០១៩ខាងមុខនេះ។
ការលើកឡើងរបស់ លោក ប៉ា សុជាតិវង្ស បានធ្វើឡើងខណៈដែលលោក បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាជិត៤០០នាក់ នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា រៀបចំឡើងនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
បន្ថែមពីលើនោះ លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារ និងតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការបម្រើប្រជាជនកម្ពុជា ដោយមិនខ្លាចនឿយហត់។ លោក ប៉ា សុជាតិវង្ស បានបន្តថា ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានេះហើយទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងកម្មវិធីនោះផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឡើងអានសេចក្តីជូនដំណឹងស្តី ពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។
នៅក្នុងខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា សន្និបាតនោះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ ក្នុងនោះក៏មានការបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប៕