Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត៖ ករណីជះស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ត្រូវបានដោះស្រាយបញ្ចប់, ភាគីជនបង្កសុំទោសជាសាធារណៈ និងសងជំងឺចិត្ត១ម៉ឺន​ដុល្លារ (Video inside)

28-12-2018 17:13

​(ភ្នំពេញ)៖ ​រឿងរ៉ាវជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ ​ត្រូវបានដោះស្រាយបញ្ចប់ហើយ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយភាគីជនបង្កឈ្មោះ ឆេង រស្មី បានចេញមុខសុំទោសជាសាធារណៈ និងសងជំងឺចិត្តទៅកញ្ញា ទេព បូព្រឹក្ស ចំនួន១០,០០០ដុល្លារ ដើម្បីជាការលុបលាងកំហុសរបស់ខ្លួន។

កញ្ញា ទេព បូព្រឹក្ស ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះគឺភាគីខាងកញ្ញា និងជនបង្ក បានព្រមព្រៀងគ្នា ដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយតម្រូវឲ្យជនបង្កសុំទោស និងសំណងរដ្ឋប្បវេណីខូចខាតកិត្តិយស ដែលពីមុនកញ្ញាទាមទារ១០ម៉ឺនដុល្លារ មកនៅត្រឹមតែ១ម៉ឺនដុល្លារប៉ុណ្ណោះ។

បើតាមការលើកឡើងរបស់កញ្ញា ទេព បូព្រឹក្ស សម្រាប់សំណងជំងឺចិត្ត១ម៉ឺនដុល្លារនេះ កញ្ញានឹងបរិច្ចាគ៣,០០០ដុល្លារ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅសល់៧,០០០ដុល្លារទៀត ត្រូវផ្តល់ជូនសមាគមអ្នកសិល្បៈ សម្រាប់ចាត់ចែងបន្ត។​

យ៉ាងណាមិញ ជនបង្កឈ្មោះ ឆេង រស្មី ក៏បានទទួលស្គាល់កំហុសផងដែរ ដោយលើកសំអាងហេតុផលថា មូលហេតុដែលខ្លួនប្រព្រឹត្តិទង្វើខុសឆ្គងបែបនេះ ដោយសារតែខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន ហើយសន្យាថា នឹងមិនឲ្យមានបញ្ហាទាំងអស់នេះ កើតឡើងម្ដងទៀតនោះទេ។

សូមជម្រាបថា កាលពីវេលាម៉ោង​១០៖០៥នាទីយប់ ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៨​ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស៕