(ភ្នំពេញ)៖ ក្រោយមានបទបញ្ជាណែនាំពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី របៀបរបបធ្វើការងាររបស់ស្នងការដ្ឋាន ជូនដល់នាយការិយាល័យ និងអធិការខណ្ឌទាំង១២ រហូតដល់ប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់ បានជាដើមទុន ក្នុងការឆ្លើយតបតាមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីរបៀបរបបធ្វើការងារ ខាងលើនេះ ឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ៗថា ក្នុងនាមនគរបាលជាតិ ទាំងការិយាល័យ អធិការដ្ឋានខណ្ឌ និងតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាល ចាំបាច់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ គោលការណ៍ពាក់ព័ន្ធ នឹងការពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិរួមមាន៖
*ទី១៖ រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយ គោលការណ៍ពាក់ព័ន្ធ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលរាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញ
*ទី២៖ ត្រូវផ្តួចផ្តើមសុំគោលការណ៍ដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ដែលបាន និងកំពុងកើតឡើង ឬអាចនឹងកើតឡើង
*ទី៣៖ ត្រូវរៀបចំកិច្ចប្រជុំតាមការកំណត់ ឬប្រជុំដកពិសោធន៍ពាក់ព័ន្ធការងារសន្តិសុខ ឲ្យកាន់តែប្រសើរបន្ថែមទៀត៕