(បាត់ដំបង)៖ រឿងរ៉ាវកម្លាំងយោធភូមិភាគទី៥ បានចាប់ត្រាក់ទ័រមួយគ្រឿង ដែលឆ្លងដែនមកពីប្រទេសថៃ តាមច្រករបៀងនោះ នៅតែបន្ដប្រទាញប្រទង់គ្នានៅឡើយ។ ភាគីដែលអះអាងថាជាម្ចាស់ត្រាក់ទ័រ នៅតែនិយាយថា ខ្លួនមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ខណៈដែលយោធភូមិភាគទី៥ បញ្ជាក់ថា ប្រសិនបើមានឯកសារបង់ពន្ធគ្រប់គ្រាន់ ហេតុអីបាននាំចូលតាមច្រករបៀង។
លោក ឡាត់ ចំប៉ី តំណាងលោក ចាន់ យ៉ាត ដែលជាម្ចាស់ត្រាក់ទ័រត្រូវសមត្ថកិច្ចឃាត់ទុកនោះ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ម្ចាស់ត្រាក់ទ័រដែលសមត្ថកិច្ចឃាត់ទុក កាលពីខែកញ្ញានោះ មានឯកសារត្រឹមត្រូវដើម្បីសម្គាល់ថា ត្រាក់ទ័រនោះមិនមែនជារបស់ខុសច្បាប់នោះទេ ដោយរូបគេបានទិញពីប្រទេសថៃ ក្នុងតម្លៃ៥០ម៉ឺនបាត (ប្រហែលជាង១៥,០០០ដុល្លារ) ហើយបានបង់ពន្ធគយ អស់៦៥០ដុល្លារបន្ថែមទៀត។
លោកបន្ថែមទៀតថា ខ្លួនមិនចង់បន្ដរឿងវែងឆ្ងាយនោះទេ ដោយខ្លួនគ្រាន់តែចង់ឲ្យមេបញ្ជាការយោធភូមិភាគទី៥ ដោះស្រាយបញ្ចប់រឿង ហើយប្រគល់ត្រាក់ទ័រមកវិញ ដោយហេតុថា រូបគេមានឯកសារបញ្ជាក់ត្រឹមត្រូវ ទាំងវិក្កិយបត្រទិញពីប្រទេសថៃ និងឯកសារបង់ពន្ធគយ។
យ៉ាងណាក៏ដោយ យោធភូមិភាគទី៥ បានចេញមកបញ្ជាក់បន្ថែមថា ប្រសិនបើលោក ចាន់ យ៉ាត មានឯកសារគ្រប់គ្រាន់ដើម្បីសម្គាល់ត្រាក់ទ័រនេះ ចុះហេតុអ្វីបានជាទិញពីប្រទេសថៃ មិនចូលមកកម្ពុជាតាមច្រកអន្ដរជាតិ បែរជាចូលមកតាមច្រកបៀង។ ភាគីយោធភូមិភាគទី៥ បានដាក់ការសង្ស័យថា អាចមានបញ្ហា ទើបម្ចាស់ត្រាក់ទ័ររត់ការធ្វើឯកសារផ្លូវច្បាប់តាមក្រោយ។ មួយវិញទៀតករណីនេះ ត្រូវបានអ្នកនាំពាក្យយោធភូមិភាគទី៥ អះអាងថា តំណាងក្រុមហ៊ុនត្រាក់ទ័ររបស់ថៃ ក៏បានទាមទារយកត្រាក់ទ័រនេះ ត្រឡប់ទៅវិញដែរ ដោយបង្ហាញឯកសារផ្លូវច្បាប់ និងអះអាងថា ត្រាក់ទ័រនេះត្រូវបានពលរដ្ឋថៃទិញពីក្រុមហ៊ុនបង់រំលោះ មិនទាន់ឱ្យលុយគ្រប់ចំនួន ហើយត្រូវចោរលួចមិនដឹងមូលហេតុ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កងការពារលេខ៥០៣ ចំណុះឱ្យយោធភូមិភាគទី៥ បានបំពេញបេសកកម្មដើរល្បាតបង្គោលព្រំដែន ក៏បានប្រទះឃើញត្រាក់ទ័រ១គ្រឿង ដែលសង្ស័យជារបស់ក្រុមរកស៊ីល្មើសព្រំដែន យកលាក់ទុកនៅចំណុចបង្គោលលេខ៣៧ ទល់មុខប៉ុស្តិ៍ច្រកចេញលេខ១៩ កងរយលេខ១២៤របស់ថៃ ព្រមទាំងបានយកមកទៅរក្សាទុកនៅយោធភូមិភាគទី៥ ជាបណ្តោះអាសន្ន៕