(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលជួបលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីភាពរីកចម្រីន គួរឲ្យកត់សម្គាល់នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌា ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន និងគម្រោងលើវិស័យគន្លឹះមួយចំនួន នៅក្នុងវិស័យសុខាភិបាល វិស័យបរិស្ថាន និងការចូលរួមលើកកម្ពស់សមត្ថភាព ធនធានមនុស្សនៅកម្ពុជា -ល-។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត Manika Jain បានរំលេចអំពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើប និងភាពច្នៃប្រឌិតខ្ពស់ (Innovation) ដែលកំពុងអនុវត្ត នៅក្នុងសង្គមឥណ្ឌានាពេលបច្ចុប្បន្ន។
លោក សួស យ៉ារ៉ា បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ភាគីមិត្តឥណ្ឌា, កម្ពុជាតែងតែចងចាំជានិច្ច ទំនាក់ទំនងល្អ និងការគាំទ្រយ៉ាងសកម្ម និងវិជ្ជមានរបស់ឥណ្ឌា នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយរបបប្រល័យពូជសាសន៍។
ឆ្លៀតឱកាសនេះ លោកក៏បានជម្រាបជូនអំពីការរៀបចំពិធីសម្ពោធជាផ្លូវការ នូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ តួនាទី និងសារៈសំខាន់ នៃក្រុមប្រឹក្សានេះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស ក្នុងការគាំទ្រទំនាក់ទំនង សន្តិភាព និងវិបុលភាលក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក (3M - Mutual Understanding, Mutual Respect, Mutual Interest)។
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគីនាឆ្នាំ២០១៩នេះ លោក សួស យ៉ារ៉ា បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូត ពិនិត្យផ្តល់គម្រោងមួយចំនួនពាក់ព័ន្ធ ការបណ្តុះបណ្តាលសមត្ថភាពអ្នកជំនាញបុរាណវិទូ សហគ្រិនខ្នាតតូចនិងមធ្យម និងបង្កើតគម្រោងអនុវត្តជាក់ស្តែង នៅក្នុងបច្ចេកទេសសិក្សាគុណភាព ដីដាំដុះសម្រាប់ប្រជាកសិករ នៅក្នុងសហគមន៍អង្គរ និងព្រះវិហារ។
មុននឹងបញ្ចប់ភាគីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ដែលជាប្រទេសសម្បូរដោយសក្តានុពល ហើយមានភូមិសាស្ត្រ នៅចំបេះដូង (កណ្តាល) នៃប្រទេសអាស៊ាន និងអាស៊ី និងក៏ដូចជាការប្តេជ្ញា ចូលរួមប្រែក្លាយកម្ពុជា ឲ្យក្លាយជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់ជំរុញការអភិវឌ្ឍនៅក្នុងតំបន់ទាំងមូល តាមរយៈការបង្កើនទំនាក់ទំនង( Conectivity) និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសក្នុងតំបន់ និងនៅលើពិភពលោក៕