(ភ្នំពេញ)៖ និសិ្សតប្រមាណ៥០០នាក់ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមរួមជាមួយ នឹងក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីប្រារព្ធពិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃដ៏ធំមួយ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺអំណោយជីវិត»។
ពិធីនេះប្រារព្ធឡើង ពេញមួយថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ក្នុងនោះផងដែរ ក៏មានការចូលរួមពីលោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, លោក អ៊ុ វណ្ណៈ ប្រធានទំនាក់ទំនងក្រុមហ៊ុនវីតាល់ និងភ្ញៀវកិត្តយស អមគណៈអធិបតីជាច្រើននាក់ផ្សេងទៀត មកពីកាកបាទក្រហមកម្ពុជា ក្លឹបនៃក្តីស្រលាញ់ ស.ស.យ.ក វិស័យសុខាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងតំណាងអង្គការសុខភាពពិភពលោក។
លោក ម៉ម ប៊ុនហេង បានអបអរសាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិតសាកលវិទ្យាល័យទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្ត សប្បុរស ក្នុងការបរិច្ចាគឈាម ជារៀងរាល់ឆ្នាំ ដែលទង្វើនេះ បានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើន ក្នុងសង្គមខ្មែរយើង។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានសារៈប្រយោជន៍ សម្រាប់ជួយសង្គ្រោះជីវិត អ្នកជំងឺនៅកម្ពុជា ជាពិសេសអ្នកជំងឺ នៅរាជធានីភ្នំពេញ ដែលបានប្រើប្រាស់ឈាមប្រមាណ ជា៦០% ខណៈតម្រូវការឈាមទូទាំងប្រទេសក្នុង១ថ្ងៃ ជិត២០០ប្លោក។
លោកបន្ដថា ការបរិច្ចាគឈាមមានប្រយោជន៍ ធ្វើឲ្យឈាមប្រកបដោយសុវត្ថិភាព និងសម្រាប់សប្បុរសជនបរិច្ចាគឈាម និងអ្នកជំងឺទទួលបានឈាមផងដែរ។ ក្នុងករណីកង្វះឈាម ការដោះដូរឈាម អាចកើតឡើងតាមរយៈក្រុមគ្រួសារ និងមិត្តភ័ក្តដែលជាហានិភ័យ ដល់សុវត្ថិភាពនៃការបរិច្ចាគឈាម សម្រាប់អ្នកផ្ដល់ នឹងទទួលបានឈាម។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានធ្វើការថ្លែងអំណគុណដល់ដល់និស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន កុះករជួយសង្គ្រោះជីវិតអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតប្រធាន មានបញ្ជាក់ថា ការបរិច្ចាគឈាមគឺ មិនមានការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ អ្នកបរិច្ចាគឈាម គឺជាវីរបុរស ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។
លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយ ឲ្យពិសាទឹកឲ្យបានច្រើន បន្ទាប់ពីពួកគេបានបរិច្ចាគឈាមរួច លោកថា ទឹកវីតាល់ គឺជាទឹកពិសាដែលមានគុណភាពខ្ពស់ ដែលសក្ក័សមបំផុត ការបន្ថែមជាតិទឹកសម្រាប់រាងកាយ ដើម្បីជំនួយដល់ការផលិតគ្រាប់ឈាមឡើងវិញរបស់រាងកាយ។
វីតាល់ ពិតជារីករាយគាំទ្ររាល់សម្មភាពមនុស្សធម៌គ្រប់រូបភាព ហើយ វីតាល់ បេ្តជ្ញាថា នឹងនៅតែបន្តគាំទ្រយ៉ាង ចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាព បន្ថែមទៀត ដើម្បីជាសក្ខីភាព នៃការចូលរួមរបស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប។
ក្រុមហ៊ុន វីតាល់ ត្រូវបានមើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មសប្បុរសធម៌នានាក្នុងសង្គម ដែលថ្មីនេះ វីតាល់ពាំនាំក្រុមយុវជន ដែលមានភាពក្លាហាន និងឆ្លាតវៃជាច្រើននាក់ ក្នុងការចូលរួមជាមួយវីតាល់ ក្នុងការធ្វើការងារសង្គម ដើម្បីភាពជឿនលឿននិងការអភិវឌ្ឍ៕