(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសថា ខ្លួនបានទិញបន្ថែមនូវបង្គោល អង់តែនថ្មីចំនួន៣២៥បង្គោលទៀត ពីក្រុមហ៊ុន South East Asia Telecom (Cambodia) ខូអិលធីឌី ដែលហៅកាត់ថា (SEATEL ខេមបូឌា)។
ការទិញនេះ គឺស្របទៅនឹងយុទ្ធសាស្រ្តពង្រីកទីផ្សារ របស់ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ក៏ដូចជាការពង្រឹងគោលជំហរ អាជីវវកម្មរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសមួយនេះ។
លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានថ្លែងថា «កិច្ចព្រមព្រៀងនេះ បង្ហាញឲ្យឃើញពីកិច្ចខិតខំ ក្នុងការពង្រឹងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ដែលជាទីផ្សារមួយដ៏សំខាន់ និងមានសក្តានុពលមួយ»។
លោកបន្ដថា «យើងនឹងក្លាយទៅជាដៃគូដ៏ជិតស្និទ្ធ ហើយនឹងធ្វើកិច្ចការងារជាមួយគ្នាប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ជាមួយប្រតិបត្តិករទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូន នូវហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ព្រមទាំងអាចបង្កើននូវបណ្តាញគ្រប់ដណ្តប់បាននៅទូទាំងប្រទេស»។
នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានបន្ថែមថា ការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ បណ្តាក្រុមហ៊ុនទូរស័ព្ទទាំងឡាយនៅក្នុងស្រុក វានៅតែជាយុទ្ធសាស្រ្តដ៏សំខាន់មួយ មិនអាចខ្វះបានសម្រាប់យើង ក្នុងការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្នុងប្រទេសដែលមានការរីកចម្រើនមួយនេះ។
កិច្ចព្រមព្រៀងដែលត្រូវបានទទួលស្គាល់ ដោយបញ្ញត្តិករទូរគមនាគមន៍កម្ពុជាកាលពីពេលថ្មីៗនេះ បានក្លាយទៅជាធាតុចូលយ៉ាងសំខាន់ក្នុងការបំពេញបន្ថែម នូវតម្រូវការបណ្តាញគ្រប់ដណ្តប់ជាច្រើនក្នុងទីផ្សារ ដើម្បីបង្កើន សមត្ថភាពបណ្តាញគ្រប់ដណ្តប់នេះ ឲ្យបានច្រើន និងកាន់តែប្រសើរឡើង ជាមួយល្បឿនកាន់តែលឿន ហើយខ្លាំងជាងមុន ខណៈដែលការប្រើប្រាស់បណ្តាញ 4G មានការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Phillip បានបន្ថែមថា «ជាមួយនឹងកិច្ចព្រមព្រៀងនេះ យើងអាចបង្កើនសមត្ថភាពរបស់យើងក្នុងប្រទេសកម្ពុជា ជាមួយនឹងបង្គោលអង់តែនទូរគមនាគមន៍រហូតទៅដល់ចំនួនជាង ៣,៦០០បង្គោល ដែលនេះជាការពង្រឹងបន្ថែមទៀត នូវគោលជំហររបស់យើង ឲ្យក្លាយទៅជាក្រុមហ៊ុនមួយ ដែលតែងតែជាជម្រើស មិនអាចខ្វះចំពោះសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីសំណាក់ក្រុមហ៊ុននានា»៕