(ភ្នំពេញ)៖ ជារៀងរាល់ខែ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងបានរៀបចំវេទិកាការងារ ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារជូនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ពីបណ្តាសហគ្រាស/ក្រុមហ៊ុនធំៗជាច្រើន ដែលបានសហការជ្រើសរើសបុគ្គលិក។
សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបានឱកាសការងារ និងកម្មសិក្សាពីក្រុមហ៊ុនធំៗ ចំនួន១០ទៀតហើយ ក្នុងកម្មវិធីវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជា ក្រុមហ៊ុន ONLINE, Baby outlet, Mekongnet, BDLINK, Almondgroup, Chip Mong Group, Grand China Life Insurance PlC., ចម្រើនមីក្រូហិរញ្ញវត្ថុ, ធនាគារAEON, និងអង្គការដើម្បីភាពញញឹមនៃកុមារ។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានរៀបចំនូវកម្មវិធីវេទិកាការងារ កិច្ចសម្ភាសប្រចាំខែ សម្រាប់អ្នកស្វែងរកការងារធ្វើ នឹងការបង្ហាត់បង្រៀន អំពីជំនាញទន់ ដែលមានការចូលរួម ពីក្រុមមគ្គុទេសក៍អាជីព សម្រាប់ជួយដល់សិស្ស/និស្សិតឲ្យស្គាល់ អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អ នៅក្រុមហ៊ុនរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕