(ភ្នំពេញ)៖ នៅទីបំផុត! រឿងរ៉ាវជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បុរសដែលជាជនបង្ក បានចេញមុខសុំទោសជាសាធារណៈ តាមការចង់បានរបស់កញ្ញា ទេព បូព្រឹក្ស ដែលជាជនរងគ្រោះ ខណៈដែលសំណងរដ្ឋប្បវេណីខូចខាតកិត្តិយស បញ្ចុះត្រឹម១ម៉ឺនដុល្លារ។
កាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស។
លុះមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០៖០០នាទីព្រឹក ជនរងគ្រោះកញ្ញា ទេព បូព្រឹក្ស ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១តែម្ដង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ, កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកខ្លួន, ម្ចាស់ហាង «សមុទ្រ», អ្នករៀបចំកម្មវិធី និងស្ត្រីដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង និងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក៕