(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប បានប្រគល់ពានរង្វាន់ការងារ លិខិតសរសើរ និងថវិកា ជូនដល់បុគ្គលិក ដែលបានបម្រើការងារ នៅប៊ែលធី អស់រយៈពេល១០ឆ្នាំ (២០០៨-២០១៨) ព្រមទាំងផ្តល់ប័ណ្ណអាហារូបករណ៍១០០% ដល់កូនរបស់គាត់ឲ្យសិក្សាថ្នាក់ចំណេះទូទៅ និងថ្នាក់ភាសាអង់គ្លេស នៅសាលាប៊ែលធីអន្តរជាតិ និងបន្តទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទៀតផង។
ពិធីប្រគល់លិខិតសរសើរ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៊ែលធី គ្រុប ខាងលើនេះ បានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន២,២៤៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។
លោកបណ្ឌិត លី ឆេង បានឲ្យដឹងថា បេសកកម្មរយៈពេល១០ឆ្នាំ របស់អស់លោក-លោកស្រី លើវិស័យអប់រំ គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ លើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកបណ្ឌិត ក៏បានអបអរសាទរ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ចំនួន ៨៧រូប ដែលទទួលបានពានរង្វាន់ការងារ ១០ឆ្នាំ ជាមួយប៊ែលធី គ្រុប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដោយស្មោះចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងចិត្តកម្លាំងកាយ បំពេញភារកិច្ច ជាមួយប៊ែលធីគ្រុប អស់រយៈពេល១០ឆ្នាំកន្លងមកនេះ៕