(ភ្នំពេញ)៖ ដើម្បីគណបក្សប្រជាជនកម្ពុជា នៅតែបន្តភាពខ្លាំង មានប្រជាប្រិយភាព និងទទួលបានជ័យជម្នះថ្មីៗបន្តទៀត លុះត្រាតែមានកត្តាសាមគ្គីភាពផ្ទៃក្នុង ជាធ្លុងមួយរវាងសមាជិកចាស់ និងបង្កើនសមាជិកថ្មីប្រកបដោយភារភាព និងសហការល្អ បន្តជំរុញការគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំដ៏ល្អរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្ស។
នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ក្នុងឱកាសផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជូនដល់សមាជិក សមាជិកា គណបក្សខណ្ឌឫស្សីកែវប្រមាណជិត១ពាន់នាក់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំបក្សមូលដ្ឋាន សមាជិក សមាជិកា តំណាងគណបក្សទូទាំងខណ្ឌ លោកប្រធានក្រុមការងារ បានក្រើនរំលឹកឲ្យបង្កើនការលើកកំពស់ ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាជន ដូចជាវិស័យអប់រំ សុខាភិបាល សាធារណៈ និងវិស័យផ្សេងៗទៀត គឺសុទ្ធតែជាភារកិច្ចចាំបាច់ ហេតុនេះរឿងដំណោះស្រាយ គោលនយោបាយល្អៗផ្សេងៗ គឺជារឿងមួយ ចំណែកសេវាកម្មសាធារណៈ ត្រូវធ្វើឡើងដោយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវខ្ពស់បន្ថែមទៀត និងរហ័សទាន់ចិត្ត តាមពិតវាមិនមែនជាគោលនយោបាយដែលផ្តល់ជូនប្រជាជននោះទេ តែវាជាកាតព្វកិច្ចរបស់យើង និងរបស់បក្សយើង ដើម្បីជាតិយើងតែម្តង។
លោក អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ជាការលើកឡើងពីព្រឹត្តិការប្រវត្តិសាស្រ្តសំខាន់ៗ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ កម្ពុជាបាននិងត្រៀម រៀបចំព្រឹត្តិការណ៍ចំនួនបីសំខាន់ៗគឺ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃបង្កើតចលនារណសិរ្ស២ធ្នូ នៅស្រុកស្នួល ខេត្តក្រចេះ។
នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ នឹងរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជាការអបអរសាទរខួប២០ឆ្នាំ នៃការអនុវត្តដ៏ជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺបានត្រៀមរៀបចំមិទ្ទិញដ៏ធំមួយនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានខិតខំក្នុងការការពារ និងកសាងប្រទេសជាតិពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕