Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាស្ដ្រាចារ្យភាសាអង់គ្លេស៖ ជីវិតអ្នករៀន មិនមែនដើម្បីសញ្ញាបត្រតែមួយមុខទេ គឺត្រូវរៀន ដើម្បីចំណេះ ការងារ និងសុភមង្គល

28-12-2018 14:40

(ភ្នំពេញ)៖ លោក ផន វណ្ណិត ​អគ្គនាយក​ក្រុមហ៊ុន រាជសន្តុសិត និងធ្លាប់ជាសាស្ដ្រាចារ្យផ្នែកភាសាអង់គ្លេស បានលើកឡើងថា ជីវិតអ្នករៀន មិនមែនដើម្បីសញ្ញាបត្រតែមួយមុខទេ គឺត្រូវរៀនដើម្បីចំណេះ, ការងារ និងដើម្បីសុភមង្គល។

លោកបន្ដថា «៣ចំណុចនេះ គឺសំខាន់ណាស់ ដែលប្អូនៗសិស្ស និស្សិត ត្រូវដឹង និងខិតខំប្រឹងប្រែងព្យាយាម ដោយប្រាកដថា ការសិក្សារៀនសូត្ររបស់យើង ក្រៅពីទទួលបាននូវការអប់រំ ចំណេះដឹង ភាពថ្លែថ្នូរក្នុងសង្គម តែក៏ជាអាវុធមួយឈានទៅសម្រេចនូវបំណងប្រាថ្នា របស់យើងបានប៉ងទុកផងដែរ»

លោកបានបញ្ជាក់លម្អិតទាំងចំណុចនោះថា៖

រៀនដើម្បីចេះ៖ ក្នុងនាមជាអ្នករៀន ត្រូវចេះឱ្យប្រាកដ មិនមែនគ្រាន់តែរៀនចោលនោះទេ។ ព្រោះដែលអ្នកបានចេះប្រាកដ គេនឹងត្រូវការអ្នកគ្រប់ពេល ហើយចង់បានអ្នកទៅធ្វើការជាមួយ។ ប្រសិនបើរៀនគ្រាន់តែប្រកួតប្រជែង យកចំណាត់ថ្នាក់ និងសញ្ញាបត្រ នោះមិនមែនត្រឹមតែជាភាពជោគជ័យ នៃអ្នករៀនសូត្រឡើយ។

រៀនដើម្បីការងារ៖ រៀនចេះហើយ ត្រូវយកចំណេះនោះមកអនុវត្តឱ្យបាន ធ្វើការងារឱ្យមានប្រសិទ្ធភាព ដើម្បីរកប្រាក់ចំណូលមកចិញ្ចឹមខ្លួនឯងវិញ។ បើគ្រាន់តែចេះ តែធ្វើការងារមិនកើត មិនចេះសម្របខ្លួនក្នុងបរិស្ថានការងារ នោះក៏មិនដឹងថារៀនមានន័យអ្វីដែរ។ ត្រូវរៀនទាំងសមត្ថភាពការងារ (ជំនាញរឹង Hard Skill) និងរៀនទាំងរបៀបធ្វើការ (ជំនាញទន់ Soft Skill)។

រៀនដើម្បីមានសុភមង្គល៖ រៀនចេះហើយ មានការងារធ្វើហើយ សួរខ្លួនឯងទៀត ថាមានសុភមង្គលហើយឬនៅ? ប្រសិនបើមិនទាន់មានសុភមង្គល មិនទាន់រកក្ដីសុខដាក់ខ្លួនបានទេ ត្រូវព្យាយាមរៀនបន្ថែមទៀត ដើម្បីផ្លាស់សកម្មភាព ផ្លាស់ប្ដូរការគិត រហូតជីវិតមានសុភមង្គល ៕