(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងណែនាំឱ្យមន្ត្រីមន្ទីរអង្គភាពក្នុងខេត្ត ត្រូវនាំយកផលិតផល និងកសិផលនានាក្នុងខេត្ត ឱ្យបានសម្បូរបែប ដើម្បីទៅដាក់តាំងបង្ហាញក្នុងពិធី អបអរសាទរពិធីសម្ភោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ជាបុណ្យធំ ដែលរៀបចំដោយរាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បានថ្លែងណែនាំយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវការងារតាំងពិពណ៌ក្នុងពិធីសម្ភោធវិមានឈ្នះ-ឈ្នះ និងលទ្ធផលការងាររបស់គណៈកម្មការរៀបចំខួបលើកទី៤០ បុណ្យជាតិ ៧ មករា។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូចនេះ ដើម្បីបង្ហាញពីសក្តានុពលនៃការរីកចំរើនក្នុងខេត្តកំពង់ចាម មន្ត្រីក្នុងខេត្តទាំងអស់ ត្រូវរៀបចំនូវផលិតផល និងកសិផលឱ្យបានច្រើន ដើម្បីដាក់តាំងបង្ហាញក្នុងពិធី អបអរសាទរពិធីសម្ភោធវិមានឈ្នះ-ឈ្នះ ព្រោះជាពិធីបុណ្យធំរបសស់ជាតិ ពោលគឺឱ្យសាកសម ទៅនឹងប្រទេសកម្ពុជា ដែលទទួលបានសុខសន្តិភាពរយៈពេល ២០ឆ្នាំមកនេះ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំឱ្យផ្នែកកងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងផ្នែកសុខាភិបាល ត្រូវរៀបចំឱ្យបានល្អប្រសើរ ប្រកបដោយការមានទទួលខុសត្រូវខ្ពស់ នៅតាមគោលដៅរបស់ខ្លួន ត្រៀមសម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលមានហេតុការកើតឡើងផងដែរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរៀបចំផែនការដើម្បីចូល រួមការងារតាំងពិព័រណ៌ក្នុងពិធីសម្ភោធវិមានឈ្នះ-ឈ្នះ និងលទ្ធផលការងារ របស់គណៈកម្មការរៀបចំខួបលើកទី៤០ បុណ្យជាតិ៧មករានេះ នៅតាមបណ្តាមន្ទីរអង្គភាពក្នុងខេត្តកំពង់ចាម បានត្រៀមរួចជាស្រេច ដើម្បីនាំនូវផលិតផល និងកសិផលសំខាន់ៗ យកទៅដាក់តាំងពិព័រណ៌ ក្នុងពិធីសម្ភោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃស្អែកនេះរួមមាន ផ្នែកកសិកម្ម ផ្នែកឧស្សាហកម្ម ផ្នែកពាណិជ្ជកម្ម ជាដើម៕