(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានស្នើឲ្យប្រធានអគ្គានុរក្សពន្ធនាគារឡើងកាន់ដំណែងថ្មី បង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះភារកិច្ចដឹកនាំរបស់ខ្លួន លើការគ្រប់គ្រង និងពង្រឹង សន្តិសុខបានជាប់ជាប្រចាំ ដោយត្រូវធានាថា មន្ត្រីពន្ធនាគារទាំងអស់ ពិតជាបានអនុវត្តតួនាទី ភារកិច្ចខ្លួនប្រកដោយវិជ្ជាជីវៈ មិនប្រព្រឹត្តអំពើពុករលួយ ស្របតាមក្រមសីលធម៌ បទវិន័យជាមន្ត្រីអនុរក្សពន្ធនាគារ ដើម្បីជួយពួកគេបានកែប្រែខ្លួនក្លាយជាពលរដ្ឋល្អ។
ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ លោក ឈីម ធីដា អតីតប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ត្រូវចូលកាន់មុខតំណែងថ្មី ជាប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ជំនួសលោក ពេជ្រ យ៉ុន ត្រូវផ្ទេរភារកិច្ចនៅក្រសួងមហាផ្ទៃ។
លោក ប៉ាវ ហមផាន តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីពង្រឹងប្រសិទ្ធិភាពការងារឲ្យបានកាន់តែល្អបន្ថែមទៀតនោះ សូមអគ្គានុរក្ស ដែលទើបតែងតាំងជាប្រធានពន្ធនាគារថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ លើការគ្រប់គ្រង ក្នុងនិងក្រៅពន្ធនាគារឲ្យបានល្អជាប់ប្រចាំ។
លោករដ្ឋលេខាធិការបានបន្តថា ត្រូវពង្រឹងការងារយាមកាមការពារពន្ធនាគារ ២៤ម៉ោង២៤ម៉ោង លើការងារសន្តិសុខ ចាត់វិធានការតឹងរ៉ឹងចំពោះចំណុចខ្វះចន្លោះ ការឆែកឆេររឹបអូល ការយក សម្ភារហាមឃាត់នាំចូលឲ្យទណ្ឌិត ការបង្កឱកាស ឬមធ្យោបាយឲ្យទណ្ឌិតដើម្បីរត់គេចការជួញដូរ គ្រឿងញៀន ការបង្កើតក្រុមម៉ាហ្វីយ៉ា នៅក្នុងពន្ធនាគារជាដើម។ ហាមមិនឲ្យជនជាប់ឃុំ ប្រើទូរស័ព្ទ ត្រូវបន្តហ្វឹកហ្វឺន អប់រំចិត្ត កែប្រែទណ្ឌិត បានកែប្រែជាមនុស្សថ្មី និងមានវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត នៅពេលពួកគេចេញទៅសហគមន៍វិញ ព្រោះពន្ធនាគារនិងមណ្ឌលកែប្រែទាំងអស់ មិនមែនជាកន្លែងធ្វើទុក្ខទោសដូចយើងស្មាននោះទេ។
ប្រធានពន្ធនាគាររាជធានីភ្នំពេញ ទើបឡើងថ្មី បានប្តេជ្ញាចិត្តខិតខំបំពេញការងារ រក្សាសាមគ្គីភាពជាមួយមន្ត្រី ពន្ធនាគារថ្នាក់ក្រោម និងខិតខំដឹកនាគ្រប់គ្រងអង្គភាព ឲ្យដំណើរការ រក្សាបានសន្តិសុខសុវត្ថិភាព អនុវត្តការងារអប់រំ ស្តារនីតិសម្បទារជនជាប់ឃុំ ដើម្បី កែប្រែក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។
ក្រៅពីនោះនិងខិតខំអភិវឌ្ឍន៍អង្គភាពឲ្យបានល្អ ដើម្បីរួមគ្នាសម្រេចឲ្យបានជោគជ័យ គោលដៅផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងផែនការរបស់អង្គភាពឲ្យបានល្អ សក្តិសមទៅជំនឿទុកចិត្តរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន៕