(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសផ្នែកក្រពេញអ័រម៉ូន និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានអ្នកជំងឺទឹកនោមផ្អែម រហូតដល់២៤៦,០០០នាក់ (អត្ត្រាប្រវ៉ាឡង់ ២.៦% ធៀបទៅនឹងចំនួនមនុស្សពេញវ័យ)។

ការលើកឡើងបែបនេះ របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានធ្វើឡើងក្នុងសិក្ខាសាលា ស្តីអំពីជំងឺទឹកនោមផ្អែមពិភពលោក សំរាប់ឆ្នាំ២០១៨ ដើម្បីគាំទ្រទិវាជំងឺទឹកនោមផ្អែម ពិភពលោក ដែលរៀបចំធ្វើឡើង ដោយក្រុមហ៊ុន DKSH Cambodia សហការជាមួយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott, មន្ទីរពេទ្យព្រះកុសុមៈ, សមាគមន៍ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CSDE) នាដើមសប្ដាហ៍នេះ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានលើកឡើងថា អ្នកជំងឺទឹកនោមផ្អែម មានប្រមាណ៤២៥លាននាក់ នៅទូទាំងពិភពលោក មានន័យថា ក្នុងចំនោមមនុស្ស១១នាក់ មានម្នាក់ មានជំងឺទឹកនោមផ្អែម។ លោកក៏បានលើកឡើងថា «បើមើលមកប្រទេសកម្ពុជា អ្នកជំងឺទឹកនោមផ្អែម មានរហូតដល់២៤៦,០០០នាក់ (អត្ត្រាប្រវ៉ាឡង់ ២.៦% ធៀបទៅនឹងចំនួនមនុស្សពេញវ័យ)»

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា កត្តានេះបានផ្តល់ ផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ជកិច្ចសុខភាពក្នុងប្រទេសកម្ពុជា និងបណ្តាលប្រទេសជុំវិញពិភពលោក។

លោកវេជ្ជបណ្ឌិត ថិល សុភា ឯកទេសផ្នែកក្រពេញអ័រម៉ូន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងផងដែរថា ជំងឺទឹកនោមផ្អែម គឺជាជំងឺកាចសាហាវ ដែលអាចផ្តល់ផលវិបាកដូចជា៖ ខូចភ្នែក ខូចតំរងនោម អសមត្ថភាពផ្លូវភេទ និងដំបៅជើង ដែលមិនអាចព្យាបាលបាន។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ដើម្បីទប់ស្កាត់ផលវិបាកទាំងនេះ អ្នកជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវគ្រប់គ្រងកម្រិតជាតិស្ករ និងសម្ពាធឈាម ឲ្យបានជាប់លាប់ រួមជាមួយរបប អាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណជាប្រចាំ និងលេបថ្នាំតាមវេជ្ជបញ្ជា»