(ភ្នំពេញ)៖ បុរសម្នាក់ជាជនជាតិខ្មែរ-ឥស្លាម បានជិះកង់ឆ្លងផ្លូវ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន រស្មីភ្នំពេញ អ៉ិចប្រេស បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ​ឡឹប​ ម៉ាត់ អាយុ៧៥ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកឯជនបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ Fresh News ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ក្នុងគោលបំណងទៅព្រះវិហារ ដោយធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច។ ខណៈដែលជនរងគ្រោះ កំពុងតែជិះឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុន រស្មីភ្នំពេញ អ៉ិចប្រេស បានបើកវ៉ារថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក ក៏ជ្រុលចង្កូតទៅបុក ជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុ ប្រហែលជាង ១០០ម៉ែត្រ ទើបរថយន្តបង្កឈប់ រួចអ្នកបើកបររត់គេចខ្លួនតែម្តង។ នេះបើតាមប្រភពដដែល បានបញ្ជាក់បន្ថែម។

ក្រោយពេលកើតហេតុ កម្លាំងជំនាញខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុខាងលើ និងបានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែងយករថយន្តបង្ក ទៅកាន់ការិយាល័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯគេហដ្ឋាន៕