(ហាណូយ)៖ ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្រៅប្រទេស បានរួមគ្នាវិលមកជួយអភិវឌ្ឍន៍ក្នុងប្រទេសកំណើតរបស់ពួកគេ តាមរយៈការបោះទុនជាច្រើនមករកស៊ីនៅក្នុងប្រទេស។ របាយការណ៍របស់ធនាគារពិភពលោកបានអះអាថា ប្រជាពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេសប្រមាណ ៣ពាន់នាក់ បានវិលមកវិនិយោគនៅក្នុងប្រទេសជាមួយទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានបង្ហាញទៀតថា នៅក្នុងឆ្នាំ២០១៨នេះ ប្រទេសវៀតណាម ទទួលបានប្រាក់ជាង ១៦ពាន់លានដុល្លារពីប្រជាពលរដ្ឋចេញទៅធ្វើការនៅក្រៅប្រទេស។

ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាទាក់ទាញពលរដ្ឋនៅក្រៅប្រទេសឲ្យមករកស៊ីនៅក្នុងប្រទេសឲ្យបានកាន់តែច្រើនថែមទៀតនោះ ក្រសួងការបរទេសវៀតណាម និងអាជ្ញាធរក្នុងខេត្ត Nghe An បានរៀបចំពិធីជួបជុំមួយជាមួយពលរដ្ឋវៀតណាមនៅឯ​នាយសមុទ្រ ​២០០​នាក់ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីពិភាក្សានិងសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងការវិនិយោគនៅក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មានវៀតណាម VOV។

ព័ត៌មានបានចេញផ្សាយថា ការជួបជុំនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងត្រូវរៀបចំជាលើកដំបូងបំផុតសម្រាប់វៀតណាម។

អគ្គរដ្ឋទូត និងជាអនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការពលរដ្ឋវៀតណាមនៅឯបរទេស លោក Luong Thanh Nghi បានបញ្ជាក់ថា ការជួបនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសមួយ សម្រាប់ពលរដ្ឋវៀតណាមទាំងអស់នៅឯនាយសមុទ្រ។ ជាពិសេសគឺពាណិជ្ជករវៀតណាម ក្នុងការចែករំលែកបទពិសោធន៍ស្ដីពីការ វិនិយោគនៅក្នុងប្រទេស...។ ម្យ៉ាងវិញទៀត តាមរយៈពិធីជួបជុំនេះពួកគេក៏ទទួលបានផងដែរនូវបច្ចុប្បន្នភាព និងគោលនយោបាយ អភិវឌ្ឍវិនិយោគសំដៅលើកទឹកចិត្តឱ្យប្រជាជនវៀតណាមនៅឯក្រៅប្រទេសចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ៕