(ភ្នំពេញ)៖ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ​» ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពនោះ នឹងត្រូវសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះហើយ ចំថ្ងៃគម្រប់ខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន​សាងសង់ឡើង​ដោយ​បញ្ជា​ក់នូវ​អត្ថន័យ​ដ៏​មាន​សារសំខាន់​ចំនួន​បីរួមមាន៖ ​ទី​១. កំពូល​វិមាន​ដែល​មានជ្រុង​បី​តំណាង​ឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),​ ទី​២. ​តួ​វិមាន ដែលមាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជា​យុទ្ធសាស្ដ្ររំលាយអង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​សារសំខាន់​ទី​៣. តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំឲ្យ​នយោបាយ​ឈ្នះ-ឈ្នះ ទទួលបាន​ជោគជ័យ​។​

នៅជាប់លើវិមាន មានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង។ សិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ ក្រោយតរៀងទៅ។

សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពារ រួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែលច្រកទ្វារទាំង៣នេះ ក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។

ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៉ីស្លាមសាសនា និងគ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនា ដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ហោជាងនៅច្រកទ្វារជ័យនេះកំណត់យករូបសញ្ញារាជរដ្ឋាភិបាល មានព្រះខ័នម្កុដរាជ្យ សញ្ញាឱមតម្កល់លើជើងពានទ្រជាក្បាច់ភ្ញីទេស។

ច្រកទ្វារទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានាបីយ៉ាងរបស់នយោបាយឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើហោជាងទាក់ទងនឹងការធានាបីយ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូបព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។

ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនានៅលើផ្តែរ ស្តីពីវប្បធម៌ និងបេតិកភណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នុងប្រទេសកម្ពុជា ពីអាយុកាលមុនអង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទសំបូរព្រៃគុក, ប្រាសាទកោះកេរ, ប្រាសាទព្រះវិហារ, ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ចម្លាក់លើហោជាង គឺជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីលើព្រះកាល។

នៅលើវិមានប្រសាទមានសាងសង់រូបដំរីក្បាលបីមានស្លាប គ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នា។

- ហង្ស៖ ហង្សជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនជាដើម។

- គ្រុឌ៖ គ្រុឌជាកម្លាំងនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើបគេច្រើនធៀបអ្នកចម្បាំង ទៅនឹងសត្វគ្រុឌ។

- ដំរីក្បាលបីមានស្លាប៖ ដំរីក្បាលបីជាយាន្តជំនិះរបស់ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។ ដំរីក្បាលបីមានឈ្មោះថា Airivata ដែលជាវត្ថុពិសិដ្ឋមួយ កើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្ស​និងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។

នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយក៏ជានិមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។

នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែរួមមាន៖

១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។

២៖ តំបន់សមិទ្ធផល៖ ជាឧទ្យានដែលបង្កើតជាសួនកម្សាន្ត តម្រូវបានទៅតាមគ្រប់សាធារណជនគ្រប់វិស័យ និងជាព្រៃទេពនិម្មិត ដែលពិព័រណ៍សម្ភារ និងសមិទ្ធផលរបស់វិស័យយោធាកម្ពុជា។

ព្រៃទេពនិម្មិត គឺជាកន្លែងដាក់បង្ហាញអំពីសមិទ្ធផល និងសម្ភារយោធាកម្ពុជា។ ទីនេះនឹងក្លាយជាកន្លែងសិក្សាស្រាវជ្រាវ សម្រាប់សាធារណជនគ្រប់រូប ដែលមានបំណងចង់សិក្សាឈ្វេងយល់ អំពីវិស័យយោធា ការការពារជាតិ និងការនាំមកនូវសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។

 សូមបញ្ជាក់ថា ការកសាង​វិមានអនុស្សាវរីយ៍ «នយោបាយ​ឈ្នះ-​ឈ្នះ» មាន​គោលបំណងចម្បង ៣យ៉ាងរួមមាន​៖

ទី១៖ ជាការរំឮកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ។ នៅក្នុងវិមាននេះមានរំលេចពីអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ ការអនុវត្ត និងដំណើរការនយោបាយឈ្នះ-ឈ្នះ ដោយបង្ហាញការអនុវត្តនេះ ចាប់ផ្តើមនៅទីណា? អ្នកណាខ្លះ? បញ្ហាប្រឈម ពុះពារក្នុងការឆ្លងការ នៅដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ តាមរបៀបណា? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ​ឈ្នះ-ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយពុះពារ ដឹកនាំ​ក្នុងដំណាក់កាល​នីមួយៗ​បែបណា​? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​នស្រមៃ និង​កាន់តែ​មិនមែនជា​ការជួយជ្រោមជ្រែង ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង គឺ​ខុស​អំពី​ក្នុងអំឡុង​កាល ដែលមាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក នៅក្នុង​កម្ពុជា​របស់​យើង។

ទី២៖ ក្រៅពីការសម្តែងនូវភាពកតញ្ញូ ការដឹងគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត គឺជាការរៀបចំទីតាំងដែលបង្ហាញ នូវសមិទ្ធផលទទួលបានដោយសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជាយើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង និងបានទទួលសន្តិភាព។ ន័យនេះ ចង់បញ្ជាក់ថា សមិទ្ធផល និងការអភិវឌ្ឍទាំងអស់ បានមកពីណា? ចេញមកពីនរណាឱ្យពិតប្រាកដ? លទ្ធផលដែលកំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់ ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការ​វិវឌ្ឍបែបនេះ ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្មរ​បស់​សង្គម​កម្ពុជា ក្នុងដំណាក់កាល​នេះ និង​ជា​ដំណាក់កាល ដែល​យើង​ឲ្យ​ឈ្មោះថា “​សម័យកាល​តេ​ជោ​សែន​” ក៏​ថា​បាន ហើយ​ភ័ស្ដុតាង​ទាំងអស់នេះ តើ​មាន​ពិត ឬទេ​? វិស័យ​នានា ដែល​មានតើ​ពិតប្រាកដ ឬទេ​? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា​… ន័យ​ចំណុច​ទី​២​នេះ គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា ដោយ​លទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។

ទី៣៖ គោលបំណងដ៏សំខាន់ គឺការចែករំលែក ការផ្តល់នូវការសិក្សាជាទីកន្លែងមួយ ដែលអាចធ្វើជាមជ្ឃមណ្ឌលស្រាវជ្រាវឈ្វេងយល់ និងខិតខំបង្កើតនូវចក្ខុវិស័យ ក្នុងការបន្តស្ថានភាព ដែលមានបែបនេះតទៅអនាគត ដូច្នេះ ដើម្បីចេករំលែក ធ្វើជាមូលដ្ឋានឱ្យកាន់តែងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគ និងក្នុងការចែករំលែកបន្ត គឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និងមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងទីកន្លែងទាំងអស់នេះឱ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញ ឱ្យមានស្ថានភាពដែលកន្ត្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យ​ឌីជីថល ឬ​សម័យ ដែល​ត្រូវការ​ពេលវេលា​ខ្លី សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​នេះ​។ ដូចនេះ ការរៀបចំ​ភូមិសាស្ដ្រ​នៅទីនេះ ទោះបី​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង ដែលមាន​អាគារ និង​តម្កល់​នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វីដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព និង​គំនូរ រូបថត សម្ភារ រហូតដល់​គ្រឿង​យោធ​បក​រណ៍​នានា និង​មាន​ទីកន្លែង​គួបផ្សំ​ទៅដោយ​ធម្មជាតិ ដែលជា​អត្តសញ្ញាណ ទាំង​ដើមឈើ ដើម​ផ្កា និង​ការ​បំបែក​ឯក​ត្ដ​កម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​មា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើនជាងគេ នំអន្សម ដែល​ធំជាងគេ​។​ល​៕