(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ង៉ូ បានគោរពការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោក ង៉ូ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីជំនួបនិងកិច្ចព្រមព្រៀងជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹង កិច្ចសហប្រតិបត្តិការផ្សេងទៀត។
លោក ង៉ូ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់លោក ង៉ោ ផងដែរ ថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណា កំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែង ថាទីតាំងណា ដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងទីតាំងណាដែលរងគ្រោះ ដោយសារជម្ងឺរាតត្បាត ដើម្បីងាយស្រួល ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ ដែលកើតឡើងទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភថវិកា ជួយកសាងអគារទីស្តីការក្រសួងការពារជាតិកម្ពុជា៕