(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបថវិកាចំនួន ៦៩២,៥២២ដុល្លារអាមេរិក សម្រាប់ជួយដល់គម្រោង អភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងគម្រោងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអង្គភាពទទួលចំនួន២។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រោងចំនួន២ នៅកម្ពុជារួមមាន៖
ទី១៖ គម្រោងអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (៤ឆ្នាំ) នូវថវិកាចំនួន៣៩៦,០៣៣ដុល្លារ។ អង្គការក្រៅរដ្ឋាភិបាល Heart of gold គឺជាទទួលអនុវត្តន៍គម្រោងនេះ ដោយនឹងគាំទ្រដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាគ្រឹះស្ថាន៤ឆ្នាំសិក្សា លើកម្មវិធីសិក្សាអប់រំកាយ ដោយធ្វើការកែទម្រង់កម្មវិធីសិក្សា គ្រូបណ្តុះបណ្តាល និងការតម្លើងបរិក្ខារសម្រាប់ការអប់រំកាយ។
តាមរយៈគ្រោងនេះបុគ្គលិកប្រមាណ៦៥នាក់ និងគ្រូចំនួន២០០នាក់ នៅក្នុងវិទ្យាស្ថាននេះនឹងអាចទទួលបាននូវបរិយាកាសកាន់តែល្អ សម្រាប់ការអប់រំកាយ ហើយនិស្សិតប្រមាណ៨០០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងទទួលបានការអប់រំកាយ កាន់តែមានប្រសិទ្ធភាព។
ទី២៖ គម្រោងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តកំពង់ឆ្នាំង (ឆ្នាំទី២) នូវថវិកាចំនួន២៩៦,៤៨៩ដុល្លារ។ អង្គភាពទទួលជំនួយ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា (FIDR) សម្រាប់គម្រោងនេះ ដែលនឹងជួយដល់កសិករ និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃការដាំដុះស្រូវ ដើម្បីធ្វើពិពិធកសិកម្ម លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់កុមារ លើកកម្ពស់បណ្តាញកសិករ និងលទ្ធភាពនៃសហករណ៍កសិកម្ម នៅក្នុងស្រុងរលាប្អៀរ ស្រុកទឹកផុស និងស្រុបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ប្រជាជនប្រមាណ២,៥០០០នាក់ នៅតំបន់គោលដៅត្រូវបានរំពឹងថា នឹងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងអាចថែរក្សាសុខភាពបានល្អតាមរយៈសកម្មភាពនេះ។
សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយថវិកាជាង២៧លានដុល្លារ ដល់គម្រោងចំនួន១១៣ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពសម្អាតមីន។ សម្រាប់គម្រោងចំនួន២នេះ គឺជាគម្រោងទី៥ និងទី៦ ដែលបានផ្តល់ជំនួនតាមរយៈគ្រោងការនៃជំនួយនៅកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៨ របស់ជប៉ុន (ខែមេសា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩)៕