(បាត់ដំបង)៖ ដើម្បីលើកកម្ពស់គុណភាពម្ហូអាហារមុនថ្ងៃឆ្លងឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ​ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញដេលនាំចូល តាមច្រកព្រំដែនកម្ពុជា-ថៃ ច្រកភ្នំដី ស្រុកសំពៅលូន និងនៅច្រកអូររំដួល ស្រុកភ្នំព្រឹក ដើម្បីត្រួតពិនិត្យ ទំនិញនាំចូលនានា ជាពិសេសលើផលិតផលម្ហូបអាហារ ដែលជាលទ្ធផល គឺពុំឃើញមានទំនិញណា ដែលខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទនោះទេ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងដើម្បីបំពេញការងារ និងតួនាទីរបស់មន្រ្តីជំនាញ យើងជាប្រចាំ សាខាកាំកុងត្រូលខេត្តតែងបានសហការជាមួយមន្រ្តី នៅតាមច្រកព្រំដែននានា ដោយបានចុះអនុវត្តការងារជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីយើង បានចុះត្រួតពិនិត្យនៅច្រក បានចំនួន២ស្រុក គឺស្រុកសំពៅលូននិងស្រុកភ្នំព្រឹក ជាលទ្ធផល គឺពុំមានរកឃើញទំនិញអ្វីលួចនាំចូលមិនប្រក្រតីឡើយ។

ប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តថា ដោយសារប្រជាពលរដ្ឋ និងអាជីវករលោកបានយល់កាន់តែច្បាស់ ពីបញ្ហាប៉ះពាល់សុខភាព ដូច្នេះរាល់បទល្មើសនាំចូលទំនិញខុសច្បាប់ដែលមានដាក់សារធាតុគីមីហាមឃាត់ គឺមានការថយចុះជាខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋមានការសាទរ និងសប្បាយរីករាយ តែទោះជាយ៉ាងណាមន្រ្តីជំនាញយើងនៅតែពង្រឹង និងបន្តការងារជំនាញរបស់ខ្លួន ដោយទប់ស្កាត់មិន ឱ្យមានការនាំចូលទំនិញ ហាមឃាត់បន្តទៀតផងដែរ។

ជាមួយគ្នានេះដែរលោក ហាក់ សុខរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងខេត្តបាត់ដំបង ទាំងអស់ត្រូវនាំគ្នាទប់ស្កាត់ការនាំចូល ផលិតផលទំនិញនាំចូល ជាពិសេសផលិតផលម្ហូបអាហារ និងស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា៕