(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់អាជីវកម្ម Keller Williams Cambodia (KW-កម្ពុជា) បានចុះកិច្ចព្រមព្រៀង សហការជាមួយក្រុមហ៊ុន Country Garden ដើម្បីលក់គម្រោង Forest City នៅទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ១០០ពាន់លានដុល្លារ។
កម្មវិធីចុះកិច្ចសន្យាលក់អចលនទ្រព្យ រវាងក្រុមហ៊ុនលំដាប់ពិភពលោកទាំង២ បានធ្វើឡើងដោយមានការចូលរួមពីលោកបណ្ឌិត គីម ហ៊ាង និងលោក Fuzhi Geng ប្រធានផ្នែកលក់ និងទីផ្សាររបស់គម្រោង Forest City។
លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា នេះគឺជាការបោះជំហ៊ានដ៏ធំលើកដំបូង សម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Keller Williams Cambodia ហើយក៏ជាឱកាសដ៏ល្អ សម្រាប់សមាជិករបស់ខ្លួន ក្នុងការចាប់យកឱកាសនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាព រៀនសូត្រ និងការប្រកួតប្រជែងលើទីផ្សារអន្ដរជាតិ ជាមួយនឹងការលក់គម្រោង Forest City ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើផ្ទៃដីប្រមាណ៣,០០០ហិចតា ក្បែរព្រំដែនប្រទេសសិង្ហបុរី ។
លោកបន្ដថា «គម្រោង Forest City ដែលវិនិយោគនៅទីក្រុង Johor ក្នុងប្រទេសម៉ាឡេស៊ី និងចំណាយទឹកប្រាក់វិនិយោគ ប្រមាណ១០០ពាន់លានដុល្លារ លើផ្ទៃដី៣ពាន់ហិចតា ដែលត្រូវចំណាយពេលសាងសងប្រមាណ៣០ឆ្នាំ។ គម្រោងនេះបានសាងសងឡើងរយៈពេល៣ឆ្នាំមកហើយ ដោយការសាងសងបានសម្រេចបានជាង៣០ភាគរយហើយ»។
លោកបន្ដថា គម្រោងមួយចំនួនដូចជា សណ្ឋាគារ, កន្លែងវាយកូនហ្គោល និងគម្រោងមួយចំនួនទៀត បានបញ្ចប់រួចរាល់ផងដែរ។ គម្រោងនេះក៏បានសហការជាមួយនឹងក្រុមហ៊ុន Keller Williams Cambodia ផងដែរ។
សូមបញ្ជាក់ថា ទន្ទឹមជាមួយការចុះកិច្ចសន្យារវាងភាគីទាំងពីរ អ្នកជំនាញផ្នែកលក់របស់គម្រោង Forest City ក៏បានធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យលើពិភពលោក ក៏ដូចជាគម្រោងរបស់ខ្លួនផ្ទាល់ ដល់សមាជិករបស់ក្រុមហ៊ុន Keller Williams Cambodia ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់ណែនាំដល់អតិថិជនរបស់ខ្លួនផងដែរ៕