(ភ្នំពេញ) ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប បានប្រគល់ពានរង្វាន់សាខាឆ្នើម ឆ្នាំ២០១៨ និងឧបត្ថម្ភថវិកា ជូនដល់ សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សាលា ប៊ែលធី អន្តរជាតិទី១៥ (សាខាផ្សារជម្ពូវ័ន្ត) សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) និងសាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ដែលមានស្នាដៃល្អ និងសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្រ្ត លើការងារគ្រប់គ្រង រដ្ឋបាល និងបរិស្ថាន នៅសាខារបស់ខ្លួន។
ពិធីប្រគល់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៊ែលធី គ្រុប នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២.២៤៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ៕