(ភ្នំពេញ)៖ ថ្នាក់ដឹកនាំមានរដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងប្រជាពលរដ្ឋជាង ៥០០នាក់បានជុំជួបគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃសុក្រនេះ ដើម្បីចូលរួមកម្មវិធីជិះកង់កម្សាន្ដ អបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើដំណើរលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ពីពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅវិមានឈ្នះឈ្នះ នៅទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍន៍ឧកញ៉ា លី យ៉ុងផាត់ ។
ក្នុងកម្មវិធីព្រឹកនេះ ក៏មានវត្តមានថ្នាក់ដឹកនាំជាច្រើនចូលរួមដែរ ដូចជាលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល, រដ្ឋមន្ដ្រី ប៉ាន សូស័ក្ដិ, រដ្ឋមន្ដ្រី សុខចិន្ដា សោភា និងរួមទាំងប្រជាពលរដ្ឋជាច្រើនទៀត ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងនូវក្ដីរីករាយក្រៃលែង ចំពោះការចូលរួមជិះកង់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរឆ្ពោះទៅអបអរសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ពិសេសពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ និងនយោបាយឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលជាស្ថាប័នទទួលបន្ទុករៀបចំសកម្មភាពកីឡា ដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ បានបញ្ជាក់ថា «កម្មវិធីនេះ គឺផ្ដោតសំខាន់ក្នុងការអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់សុខភាព កីឡា និងរួមចំណែកទាំងស្មារតី កម្លាំងកាយ ក្នុងការគាំទ្រដល់នយោបាយឈ្នះឈ្នះ គឺជិះកង់ដើម្បីជាការដឹងគុណ ចំពោះវីរៈភាពរបស់សម្ដេច ដែលបានដាក់ចេញនយោបាយឈ្នះឈ្នះ រហូតមានសន្ដិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ» ។
លោកបន្ដថា «មួយវិញទៀត ការជិះកង់ ក៏ជាការចូលរួមការពារបរិស្ថានស្អាត ព្រោះកង់វាមិនបញ្ចេញនូវឧស្ម័នកាបូនិច ធ្វើឲ្យបរិស្ថានស្អាត បរិស្ថានបៃតង និងការបំផុសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាជិះកង់ ដើម្បីកាត់បន្ថយនូវការបំពុលបរិស្ថាន និងបង្កើននូវសុខភាពល្អ ក៏ដូចជាភាពតានតឹងក្នុងការបំពេញការងារប្រចាំថ្ងៃផងដែរ» ។ បន្ថែមលើនេះ លោកក៏សង្ឃឹមថា កម្មវិធីនេះនឹងធ្វើឲ្យអ្នកចូលរួមទាំងអស់ រក្សាបានូវការចង់ចាំដ៏យូអង្វែង ក៏ដូចជាបន្ដដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សានូវសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការបំផុសចលនាកីឡាករ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាជាដើម ។
គួរបញ្ជាក់ថា វិមានឈ្នះឈ្នះ នឹងប្រារព្ធពិធីសម្ពោធផ្លូវការ នាថ្ងៃទី២៩ ខែធ្នូ ត្រូវនឹងថ្ងៃខួបលើកទី ២០ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-២០១៨) របស់សម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្ដែដើម្បីអបអរពិធីជាប្រវត្តិសាស្ដ្រនេះ គណៈកម្មការអន្ដរក្រសួង បានសម្រេចរៀបចំកម្មវិធីរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ដោយមានសកម្មភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ស្របពេល NOCC បានត្រៀមកីឡាជាង ១០ប្រភេទ ដើម្បីប្រកួត និងសម្ដែងអបអរសាទរ ក៏ដូចជាផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមនាឱកាសនោះ៕