(ភ្នំពេញ)៖ ខណៈដែលពិធីសម្ពោធវិមានឈ្នះ-ឈ្នះ ជិតដល់ថ្ងៃសម្ពោធនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការរៀបចំពិព័រណ៌ទេសចរណ៍ ពាណិជ្ជកម្ម សកម្មកីឡា និងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៩ បានប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍នោះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងកិច្ចប្រជុំលោករដ្ឋមន្រ្តីបានថ្លែងជំហររំពឹងយ៉ាងមុតមាំថា ព្រឹត្តិការណ៍សម្ពោធវិមានឈ្នះ-ឈ្នះ និងប្រព្រឹត្តទៅដោយរលូន ខណៈមកដល់ថ្ងៃនេះ អ្វីៗគ្រប់យ៉ាង ដូចជា ការរៀបចំពិព័រណ៍ បញ្ហាម្ហូបអាហារ និងបញ្ហាសន្តិសុខ សុវត្ថិភាព និងផ្សេងៗទៀត បានរៀបចំរួលរាល់អស់ហើយ។
ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ-ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ថោង ខុន បានឱ្យដឹងថា អ្វីៗ ដល់ពេលនេះ គឺបានរួចរាល់អស់ហើយ តាំងពីការរៀបចំពិព័រណ៍ បញ្ហាម្ហូបអាហារ ពិព័រណ៍ស្ថាប័ន ពិព័រណ៍រដ្ឋបាលរាជធានី-ខេត្ត ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ គឺបានរៀបចំរួចរាល់អស់ហើយ ការរៀបចំការងារសន្តិសុខ សុវត្ថិភាព អនាម័យក៏បានរៀបចំរួចរាល់ ហើយនៅថ្ងៃឆ្លងឆ្នាំសកលក៏រៀបចំរួចរាល់អស់ផងដែរ តាំងពីការបាញ់កាំជ្រូច ទឹករាំ ផ្ការាំ គឺបានរួចរាល់អស់ហើយមកដល់ពេលនេះ។
លោកបានបន្តថា ចំពោះអង្គទូតមកដល់ថ្ងៃនេះក៏មានអគ្គរដ្ឋទូត និងដំណាងស្ថានទូតមួយចំនួនបានបញ្ជាក់ពីការចូលរួមផងដែរ។ ដោយថ្ងៃសម្ពោធនេះ កៀកនឹងថ្ងៃឆ្លងឆ្នាំសាកល អង្គទូតមួយចំនួនក៏ត្រូវទៅជួបជុំគ្រួសារនៅស្រុករបស់គេ។ ដោយឡែកក៏មានអង្គការអន្តរជាតិជាច្រើនផងដែរ ដែលនៅចូលរួមជាមួយយើង។ លោកបន្ថែមថា ទាក់ទងនឹងរឿងកាំជ្រួចគឺបាញ់ចំនួន៣ថ្ងៃ ថ្ងៃទី២៩-៣០ និងថ្ងៃទី៣១ ពិសេសថ្ងៃឆ្លងឆ្នាំសកលនេះ គឺនឹងមានការបាញ់កាំជ្រួចដ៏អស់អស្ចារ្យ ចាប់ពីម៉ោង១២យប់តទៅ ចំនួន១ម៉ោងពេញទើបអស់ ដែលការបាញ់កាំជ្រួចនោះមិនមែនកាំជ្រួចធម្មតានោះទេគឺ អមទៅដោយភ្លេង និងផ្កាភ្ញី ដ៏អស្ចារ្យផងដែរ។ លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះ-ឈ្នះ នេះឱ្យបានគ្រប់ៗ គ្នាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះ-ឈ្នះ មានស្តង់ពិព័រណ៍ចំនួនសរុបជាង ៥៦២ស្ដង់ មកពីក្រសួងស្ថាប័នផ្សេងៗ គ្នា ចែកជាបួនតំបន់ A,B,C,D តំបន់ A និង B សម្រាប់ពិព័រណ៍សមិទ្ធផល ខណដែលតំបន់ C និង D គឺ សម្រាប់ ពិព័រណ៍ម្ហូបអាហារ (ភូមិម្ហូបឆ្ងាញ់)។ តំបន់ទាំង៤នេះ មានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្តនិងស្ដង់ ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និងការ វិនិយោគរបស់ក្រុមហ៊ុននានា និងមានការចូលរួមពីប្រទេសជាមិត្តមួយចំនួនថែមទៀត។
ដោយឡែកចំពោះពិព័រណ៍សមិទ្ធផលក្រសួង-ស្ថាប័ន ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ និងព្រឹត្តិការណ៍សកម្មភាពកីឡាមាន១២ប្រភេទកីឡា ទាំងកម្មវិធីឆ្លងឆ្នាំសកល ទាំងកម្មវិធីលៀងសាយភោជន៍ក៏រួចរាល់ផងដែរ៕