(ភ្នំពេញ)៖ ក្រុមហ៊ុន SRE Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រារព្ធពិធីបើកការដ្ឋាន និងសម្ពោធមជ្ឈមណ្ឌលលក់គម្រោង «ទីក្រុងរំដួល» (ROMDUOL CITY) ដែលជាគម្រោងអគារពាណិជ្ជកម្ម និងលំនៅឋានលំដាប់ខ្ពស់ដំបូងគេបំផុត ដែលក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍ នៅក្នុងខណ្ឌសែនសុខ ជាទីតាំងមានសក្តានុពលបំផុត ក្នុងរាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុនចិន បានឲ្យដឹងថា កម្ពុជា ជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ហើយក៏ជាប្រទេសមួយ ដែលមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់មួយផងដែរ, ក្នុងនាមជាសមិទ្ធផលដំបូង សម្រាប់ក្រុមហ៊ុន SRE Group ក្នុងការឈានជើងចូលក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលខ្លួន ទៅក្នុងការអភិវឌ្ឍន៍វិស័យអចលទ្រព្យនៅកម្ពុជា បានសម្រេចបើកការដ្ឋានគម្រោង «ទីក្រុងរំដួល»នេះ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ជាងនេះទៀត តំណាងក្រុមហ៊ុនចិន បានឲ្យដឹងទៀតថា គម្រោង «ទីក្រុងរំដួល»នេះ គឺបានបំពេញតំរូវការ ក្នុងការលើកកម្ពស់កម្រិតលំនៅឋាន បើនិយាយចំពោះក្រុមហ៊ុន SRE Group វិញ គម្រោងនេះ គឺមានសារៈសំខាន់ណាស់។ ឆ្លងកាត់ការអភិវឌ្ឍន៍អស់កាលជាង២០ឆ្នាំមកនេះ ក្រុមហ៊ុន SRE Group បានប្រកាន់ខ្ជាប់នូវគោលគំនិត «ហិរញ្ញវត្ថុ+ផលិតកម្ម+អចលនទ្រព្យ» ជាគោលគំនិតរួមគ្នា ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ដោយបានផ្តោតសំខាន់លើផ្នែកពីរសំខាន់ៗជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍន៍អចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ហើយនៅក្នុងឱកាស «ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន»នេះ គម្រោង «ទីក្រុងរំដួល» ដែលក្រុមហ៊ុន SRE Group បាននឹងកំពុងអភិវឌ្ឍជាលើកដំបូង នៅក្នុងរាជធានីភ្នំពេញនេះ នឹងក្លាយទៅជាគម្រោងមួយ ដែលជួយរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឈ្នះ ឈ្នះ របស់ភាគីទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា រាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងឆាប់រហ័សថ្មីមួយ ហើយខណ្ឌសែនសុខ ដែលមានគម្រោង «ទីក្រុងរំដួល» ស្ថិតនៅនេះ ទៀតសោត គឺជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងសុខាភិបាលនៃរាជធានីភ្នំពេញ ហើយក៏ជាតំបន់អភិវឌ្ឍស្នូលសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគតផងដែរ។
លោកក៏បានរំពឹងទុកថា គម្រោង «ទីក្រុងរំដួល» ដែលខិតខំរៀបចំផែនការ និងកសាងដោយយកចិត្តទុកដាក់បំផុតនេះ អាចលើកកម្ពស់ដល់កម្រិតស្ថាបត្យកម្មទីក្រុង និងមុខមាត់របស់រាជធានីភ្នំពេញ និងនាំមូលនូវថាមពលថ្មីៗបន្ថែមដល់ការអភិវឌ្ឍន៍ទីក្រុង និងក្លាយទៅជានាមបណ្ណថ្មីមួយ ដែលស្តែងឲ្យឃើញ ពីភាពបើកចំហថាមពល និងភាពជាទីក្រុងអន្តរជាតិរបស់ទីក្រុងភ្នំពេញ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន បាននឹងកំពុងខិតខំប្រឹងប្រែងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទីក្រុងអន្តរជាតិសំខាន់ៗនៅទូទាំងសកលលោក ដូចជា ទីក្រុងឡុងដ៍, ទីក្រុងសានហ្វ្រង់ស៊ីស្កូ ទីក្រុងស៊ីដនី, ទីក្រុងហុងកុង, ទីក្រុងប៉េកាំង, និងសៀងហៃជាដើម ដោយក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងលំនៅឋានលំដាប់ខ្ពស់ចម្រុះ បានជាច្រើនគម្រោងរួចមកហើយ។
គម្រោង «ទីក្រុងរំដួលនេះ» ជាការរស់នៅបែបសួនឧទ្យានបៃតងដ៏ធំ និងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយវាត្រូវបានរចនាឲ្យមាន សួនអេកូឡូស៊ីបែបអាស៊ីបូព៌ា ច្របាច់បញ្ចូលគ្នាយ៉ាងល្អនូវទេសភាពដើមត្នោត និងទឹកថ្លាឆ្វេង បង្កើតបានជាសួនឧទ្យានអេកូឡូស៊ីដ៏ស្រស់សោភា។ ក្នុងសួនឧទ្យាននេះ មានកសាងននូវ កុមារដ្ឋាន តំបន់លេងទឹកសម្រាប់កុមារ អាងហែលទឹកខាងក្រៅ មជ្ឈមណ្ឌលស្ប៉ា សួនហាត់ប្រាណក្នុងទឹក តំបន់កម្មវិធីសម្រាកកម្សាន្តខាងក្រៅ ស្ថានីយ៍ពហុបំណង មជ្ឈមណ្ឌលអាហារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗទៀត ដើម្បីបំពេញតំរូវការរស់នៅរបស់អ្នករស់ នៅគ្រប់វ័យ បង្កើតជារបៀបរស់នៅបែបភ្នំពេញមួយ នៅក្នុងបរិយាកាសធម្មជាតិអេកូឡូស៊ី ៕