(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូស្តីពី កិច្ចប្រជុំការផ្តល់សុពលភាព និងការប្រកាសផ្សាយ លទ្ធផលផ្លូវការ នៃបញ្ជីបោះឆ្នោតឆ្នាំ២០១៨ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍ ដែលអានដោយលោក ឌុច សុន ដែលជាសមាជិក គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានសម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ ដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះថ្មីចំនួន ១៩៥.៣៨៥នាក់, ប្រជាពលរដ្ឋត្រូវលុបឈ្មោះចេញពីបញ្ជីចំនួន ៥៦.៩៤១នាក់, ប្រជាពលរដ្ឋស្នើសុំកែតម្រូវទិន្នន័យចំនួន ១.៥៥៣នាក់, ប្រជាពលដ្ឋផ្ទេរចូលចំនួន ២៦.២២៤នាក់ និងប្រជាពលរដ្ឋសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ចំនួន ៨.៥៤៤.៨៨៥នាក់។
សម្រាប់ការិយាល័យបោះឆ្នោតវិញ សមាជិករូបនេះ បានបញ្ជាក់ថា ការិយាល័យបោះឆ្នោតមានការកើនឡើង ចំនួន៣២៧ការិយាល័យ ពោលពី២២.៩៦៧ ការិយាល័យក្នុងឆ្នាំ២០១៧ ទៅដល់២៣.២៩៤ការិយាល័យ ក្នុងឆ្នាំ២០១៨។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីបាន គ.ជ.ប បានបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ចប់រួចរាល់។
សូមជម្រាបថា ចំពោះបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ គ.ជ.ប នឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ បញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងត្រូវបញ្ជូនទៅរក្សាទុកជាឯកសារ នៅលេខាធិការដ្ឋាន រាជធានីខេត្តរៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ-សង្កាត់ចំនួន ១.៦៤៦ទូទាំងប្រទេសផងដែរ៕