(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងសរសើរក្រសួងរ៉ែ និងថាមពល ថាជាតួអង្គមួយយ៉ាងសំខាន់រួមចំណែកដល់ការជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ឱ្យឈានទៅមុខយ៉ាងឆាប់រហ័ស។
ការថ្លែងបែបបនេះរបស់ប្រធានគណៈកម្មការទី០៩ នៃរដ្ឋសភា បានធ្វើឡើងគឺបន្ទាប់ពី លោកស្រីបានស្តាប់អំពីសមិទ្ធផល និង កិច្ចខិតខំប្រឹងថ្នាក់ដឹកនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការបំពេញភារកិច្ចរបស់ខ្លួនអនុវត្តសម្រេចឱ្យបានតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកន្លងមក នៅក្នុងជំនួប នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី ស៊ុយ សែម ក្រសួងបានសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនៈ ក្នុងនោះចំពោះវិស័យរ៉ែ បច្ចុប្បន្នមានគម្រោងអាជីវកម្មផលិតកម្មរ៉ែមាសចំនួន ៣គម្រោង រោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៤ ដែលមានសមត្ថភាពផលិតជិត៧លានតោនក្នុង១ឆ្នាំ និងអាជីវកម្មរ៉ែសំណង់មានគ្រួស ខ្សាច់ ថ្ម ដែលកំពុងដំណើរការផលិតដើម្បីផ្តត់ផ្គង់ដល់វិស័យសំណង់នៅទូទាំងប្រទេស។ ចំពោះវិស័យថាមពលវិញ ក្រសួងបានអភិវឌ្ឍប្រព័ន្ធបណ្តាញជាតិដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់ប្រវែង ២១៤១ គីឡូម៉ែត្រ ហើយអភិវឌ្ឍប្រព័ន្ធចែកចាយនិងបណ្តាញបញ្ជូនដែលអាចផ្តត់ផ្គង់អគ្គិសនីគ្របដណ្តប់លើភូមិប្រមាណ ៨៦,៨៥%, ព្រមទាំងកាត់បន្ថយថ្លៃអគ្គិសនីប្រើប្រាស់ជូនអ្នកប្រើប្រាស់។ លើសពីនេះ ក្រសួងបានជំរុញការអភិវឌ្ឍវិស័យប្រេងកាត ជាពិសេសដោយរំពឹងការផលិតប្រេងលើកដំបូងនាពេលឆាប់ៗនេះ ព្រមទាំងសមិទ្ធផលជាច្រើនទៀត។
ក្រសួងរ៉ែ និងថាមពល ក៏បានបេ្តជ្ញាថា ក្រសួងនឹងបន្តអនុវត្តនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងតាមដាននិងជំរុញឱ្យក្រុមហ៊ុនអាជីវកម្មរ៉ែទាំងអស់ ដំណើរការប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវទាំងផ្អែកបច្ចេកទេស ការពារបរិស្ថាន និងសង្គម ជាពិសេសយកចិត្តទុកដាក់ខ្ពស់ដល់ការការពារទីកន្លែងសក្ការៈរបស់ប្រជាពលរដ្ឋ ការពារតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី៤ ការអភិវឌ្ឍប្រកបដោយចរីភាព និងបរិយាប័ន្ន។
ជាចុងក្រោយ លោកស្រី និន សាផុនបានបន្តថា ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានត្រៀមខ្លួនជានិច្ចដើម្បីសហប្រតិបត្តិការជាមួយក្រសួងរ៉ែ និងថាមពល ក្នុងការជំរុញការអនុម័តច្បាប់ និង ប្រសិទ្ធភាពខ្ពស់នៃការអនុវត្តច្បាប់ក្នុងវិស័យរ៉ែ និងថាមពល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ និង ឱ្យស្របតាមការវិវត្តនៃបរិការណ៍សង្គមបច្ចុប្បន្ន។
គួរបញ្ជាក់ថា គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ ជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕