(ភ្នំពេញ)៖ បុរសម្នាក់បានបាត់កាបូបលុយមួយ ក្នុងបន្ទប់ទឹកនៅផ្សារអ៊ីអនទី១ ជាន់ទី២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានឯកសារសំខាន់ៗ និងលុយចំនួននៅក្នុងនោះ។
បុរសដែលបានកាបូបឈ្មោះ តេង ដុល្លា អាយុ២៣ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខ្លួនមកលេងផ្សារអ៊ីអន ហើយក៏បានចូលបន្ទប់ទឹក និងបានទុកកាបូបលុយនៅលើធ្នើសម្រាប់ដាក់សម្ភារនៅក្នុងបន្ទប់ទឹក។ ពេលបត់ជើងតូចរួចហើយខ្លួនក៏ចេញមកក្រៅវិញ ដោយភ្លេចយកកាបូបមក ក្រោយបន្ដិចមកទើបដឹងថាភ្លេច ក៏ចូលទៅក្នុងបន្ទប់ទឹកវិញស្រាប់តែរកមិនឃើញ។
ជនរងគ្រោះបានបញ្ជាក់ថា ក្នុងកាបូបនោះ មានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក, ប័ណ្ណបើកបររថយន្ដមួយសន្លឹក, សៀវភៅធនាគារពីរក្បាល, កាត ATM ពីរសន្លឹក, លុយចំនួន៧០០ដុល្លារ និងឯកសារសំខាន់ៗមួយចំនួន។ យ៉ាងណាក៏ដោយ ជនរងគ្រោះក៏សន្យាជូនសាគុណដល់អ្នកដែលរើសបានផងដែរ ដោយខ្លួនសុំតែឯកសារនៅក្នុងកាបូបមកវិញតែប៉ុណ្ណោះ៕