Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត៖ ការតវ៉ារបស់កម្មករក្រុមហ៊ុន​ ស៊ិនទ្រី រឿងតម្លើងប្រាក់ខែ​ត្រូវបានដោះស្រាយបញ្ចប់, ភាគីកម្មករ សហជីព និងនិយោជកឯកភាពគ្នា នូវលក្ខខណ្ឌ​៨ចំណុច (Video Inside)

27-12-2018 19:27

(ភ្នំពេញ)៖ ការតវ៉ារបស់កម្មករក្រុមហ៊ុន ស៊ិនទ្រី រឿងផ្ទុះការតវ៉ា​សុំតម្លើងប្រាក់ខែ ត្រូវបានដោះស្រាយ​បញ្ចប់ហើយ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយភាគីកម្មករ សហជីព និងតំណាងនិយោជក នៃក្រុមហ៊ុន ស៊ិន​ទ្រី ខេមបូឌា បានព្រមព្រៀងគ្នានូវលក្ខខណ្ឌ ចំនួន៨ចំណុច។

យោងតាមកំណត់ហេតុអង្គប្រជុំ ដែលមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អាជ្ញាធរដែនដី​, តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ស៊ិនទ្រី ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ភាគីទាំងអស់ បានព្រមព្រៀងគ្នាដូចខាងក្រោម៖

ទី១៖ ក្រុមហ៊ុនឯកាពតម្លើងប្រាក់ឈ្នូលជូនកម្មករនិយោជិត ចំនួន៩ដុល្លារ ក្នុងមួយខែ ដោយចាប់ផ្ដើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៩តទៅ
ទី២៖ ការឈាប់សម្រាក់ប្រចាំឆ្នាំ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់ស្ដីពីការងារ។ ចំពោះការឈប់សម្រាកប្រចាំដែលនៅសល់នៃឆ្នាំនីមួយៗ ក្រុមហ៊ុននឹងទូទាំងជាប្រាក់ជូន។
ទី៣៖ ចំពោះប្រាក់អតីតភាពការងារ ភាគីទាំងពីរឯកភាពអនុវត្តតាមប្រកាស និងច្បាប់ស្ដីពីការងារ។
ទី៤៖ ចំពោះថ្ងៃដែលអត់ធ្វើការមួយថ្ងៃ មួយយប់នេះ ក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងនៅដដែល។
ទី៥៖ ភាគីទាំងពីរសន្យាថា មិនធ្វើការគុំគួនគ្នាឡើយ។
ទី៦៖ នៅថ្ងៃក្រោយ បើមានបញ្ហាអ្វីមួយក្រុមហ៊ុនសំណូមពរ ដល់កម្មករនិយោជិតត្រូវដោះស្រាយសន្ដិវិធី។
ទី៧៖ កម្មករនិយោជិតឯកភាព ចូលធ្វើការវិញនៅថ្ងៃនេះ តាមវេន តាមផ្នែក តាមក្រុមរៀងៗខ្លួន។
និងទី៨៖ ថ្ងៃស្អែក (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨) ជាថ្ងៃបើកប្រាក់ឈ្នួល កម្មករនិយោជិតទាំងអស់ត្រូវធ្វើការធម្មតា។

តាមសេចក្ដីរាយការណ៍​របស់ភ្នាក់ងារ Fresh News បានបញ្ជាក់ទៀតថា ក្រោយពីដោះស្រាយបញ្ចប់ បញ្ហារឿងតម្លើងប្រាក់ខែនេះ ខណៈពេលនេះ រថយន្ដដឹកសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី ជាច្រើនគ្រឿង បាននឹងកំពុងចេញដំណើរការ ប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដូចជាធម្មតាឡើងវិញ។

សូមជម្រាបថា កាលពីព្រឹកមិញ ក្រោយមានបញ្ហានេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ម្ខាងបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះអាសន្ន និងម្ខាងទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត៕​