(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានជំរុញឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបន្ដសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការរៀបចំ ការផ្ដល់សេវារដ្ឋបាល តាមប្រព័ន្ធព័ត៌មានវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិកម្ម (អនឡាញ) ដែលធានាឲ្យបានការផ្ដល់សេវា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
ការថ្លែងជំរុញបែបនេះរបស់ សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាច្រើន។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវា។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា «ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកយន្ដការច្រកចេញចូលតែមួយនេះ ទៅរដ្ឋបាលស្រុក និងឃុំ សង្កាត់ដែលមិនទាន់មានយន្ដការនេះឲ្យបានឆាប់រហ័ស»។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ការរៀបចំ និងដាក់ឲ្យដំណើរការយន្ដការច្រកចេញចូលតែមួយនេះ បានផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនរួមមាន៖
ទី១៖ បានពង្រឹងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ចាត់ចែងការផ្ដល់សេវារដ្ឋបាលនានា ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ។
ទី២៖ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលយកសេវារដ្ឋបាលនៅកន្លែងតែមួយ ដែលងាយស្រួលរកឃើញ ព្រមទាំងមានការកំណត់ថេរវេលា និងតម្លៃនៃការផ្ដល់សេវានីមួយៗច្បាស់លាស់។
ទី៣៖ បង្កលក្ខណៈងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យរបស់ប្រជាពលរដ្ឋលើកិច្ចដំណើរការ នៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
និងទី៤៖ ពង្រឹងការប្រមូលចំណូលពីការផ្ដល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងដែរថា បើទោះបីសេវាទាំងនេះត្រូវបានប្រមូលផ្ដុំមកផ្ដល់ ក្នុងអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានី-ខេត្តក៏ដោយ ក៏មន្ទីរជំនាញនីមួយៗនៅតែមានតួនាទីស្នួល ក្នុងការពិនិត្យ និងផ្ដល់យោបល់ផ្នែកបច្ចេកទេស លើការផ្ដល់សេវាទាំងនេះ ព្រមទាំងការតាមដាន និងត្រួតពិនិត្យលើការអនុវត្តការផ្ដល់សេវាទាំងនោះផងដែរ។
សូមបញ្ជាក់ថា ការរៀបចំបង្កើតយន្ដការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផ្ដល់សេវារដ្ឋបាល ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៥មក។ យន្ដការនេះត្រូវបានពង្រឹង និងពង្រីកជាបណ្ដើរៗ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ការិយាល័យច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលក្រុង ស្រុកចំនួន៥២ និងអង្គភាពច្រកចេញចូលតែមួយនៅតាមរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ដើម្បីផ្ដល់សេវារដ្ឋបាលប្រមាណជាង៦០០ប្រភេទ ដែលបានធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នចំនួន១២៕