(ភ្នំពេញ)៖ ការិយាល័យច្រកចេញចូលតែមួយជាកន្លែង ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងអតិថិជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតប តាមតម្រូវការរបស់ប្រជាពលរដ្ឋ។
អតិថិជន និងប្រជាពលរដ្ឋដែលចង់សំដែងការមិនពេញចិត្ត ឬសំណូមពរនានា ចំពោះការផ្ដល់សេវារបស់ការិយាល័យច្រកចេញ-ចូលតែមួយ និងរដ្ឋបាលរាជធានី ស្រុក ខណ្ឌ អាចដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋ ដែលស្ថិតនៅសាលារាជធានី ស្រុក ខណ្ឌ របស់លោកអ្នក។
ជាក់ស្ដែងពេញមួយ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបម្រើសេវាជូនប្រជាពលរដ្ឋសរុប ចំនួន១០៨សេវា រួមមាន៖ សាធារណៈការ៤៥សេវា, សំណង់២សេវា, នីត្យានុកូលកម្ម២៨សេវា, សុរិយោដី៦សេវា និងអត្រានុកូលដ្ឋាន២៧សេវា។
ជាមួយការផ្ដល់សេវានេះ លោក ជា ពិសី បានបង្ហាញថា ការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខណ្ឌ មានទាំងការបិទបង្ហាញតារាងតម្លៃសេវា ការរៀបចំការិយាល័យ ដែលអនុញ្ញាតឲ្យអតិថិជនមើលឃើញគ្នាទៅវិញទៅមក និងការឃ្លាំមើលលើការអនុវត្តការងារ របស់មន្ត្រីពីសំណាក់ប្រធាន ការិយាល័យប្រជាពលរដ្ឋ គឺជាសក្ខីភាពបង្ហាញនូវតម្លាភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនេះ៕