(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអះអាងថា សម្តេចមិនចាប់អារម្មណ៍ទៅនឹងអ្វីដែល លោក សម រង្ស៉ី បានអំពាវនាវឱ្យអឺរ៉ុប ដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរមកលើប្រទេសកម្ពុជានោះទេ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ សិក្ខាសាលា ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ឆ្លើយតបអីទេ អាហ្នឹងជារឿងរបស់គាត់ទេ គាត់អត់គិតផលប្រយោជន៍ជាតិ ហើយគាត់ធ្វើតាមអំពើចិត្តរបស់គាត់ នេះគឺជារឿងរបស់គាត់»។
លោក សម រង្ស៉ី នាថ្មីៗនេះ បានសរសេរលិខិតមួយទៀតប្តឹងទៅសហភាពអឺរ៉ុប ដើម្បីឲ្យដាក់ទណ្ឌកម្មឱ្យខ្លាំង និងកាន់តែឆាប់មកលើប្រទេសកម្ពុជា ដោយលោកជឿថា ទណ្ឌកម្មនោះនឹងប្រឆាំងចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្នុងពាក្យបណ្តឹងសរសេរជាភាសាអង់គ្លេស លោក សម រង្ស៉ី បានជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំង និងកាន់តែឆាប់រហ័សបើអាជ្ញាធរកម្ពុជា នៅតែគំរាមកំហែងមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យបង្ហោះវីដេអូបង្ហាញការគាំទ្រលោកដែលក្លាយជាប្រធានស្តីទីខ្មោចបក្សមួយនេះ។
ក្រោយការបង្ហាញនូវពាក្យបណ្តឹងមួយនេះមានប្រជាពលរដ្ឋខ្មែរជាច្រើនចេញមកប្រតិកម្ម និងរិះគន់ទណ្ឌិត សម រង្ស៉ី ថា គិតតែពីប្រយោជន៍ខ្លួន និងបក្ខពួក ដោយមិនគិតផលប៉ះពាល់មកលើ ប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកើតចេញពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុបមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ជុំវិញរឿងនេះ។ សហភាពអឺរ៉ុប បានព្រមានចំពោះការដកហូតពន្ធអង្ករពីកម្ពុជា ដែលនាំទៅអឺរ៉ុបនៅចុងឆ្នាំនេះរួចទៅហើយ រួមទាំងប៉ុនប៉ងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាផងដែរ ប៉ុន្តែការប៉ុនប៉ងនេះនឹងត្រូវលុបចោលវិញ បើសិនជាកម្ពុជា និងអឹរ៉ុបរកដំណោះស្រាយរួមបាន។
សម្តេចក្រឡាហោម ស ខេង បានបន្តថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចាប់អារម្មណ៍នាពេលនេះ គឺការគ្រប់គ្រងប្រទេសឱ្យល្អប្រសើរ ដោយពង្រឹងលើការបម្រើប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងស្ថិរភាព និងការអភិវឌ្ឍ។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងឥឡូវនេះ គឺគិតថាធ្វើម៉េចយើងនៅក្នុងប្រទេសហ្នឹងគ្រប់គ្រងស្ថានការណ៍ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បម្រើសេវាប្រជាពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកនេះ ត្រង់ថាគាត់ធ្វើយ៉ាងម៉េច អាហ្នឹងគឺជារឿងរបស់គាត់ ខ្ញុំមិនចាប់អារម្មណ៍ទេ»។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកឯករាជ្យ អធិបតេយ្យរបស់ខ្លួន ទៅដូរនឹងជំនួយនោះទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀតថា កម្ពុុជាមិនចងសត្រូវជាមួយបរទេសណាទេ ប៉ុន្តែកម្ពុជាក៏មិនយកអធិបតេយ្យខ្លួនទៅដូរនឹងជំនួយណាមួយដែរ៕