(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាម លោក ជិន អាញ់ជឿង ឯកទេសបេះដូង និងសរសៃឈាម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការពិសាស្រា ជក់បារី និងស្ត្រេស (គិតច្រើន) ធ្វើឲ្យក្រិននៃកំណកសរសៃឈាមបេះដូង អាចបណ្តាលឲ្យអ្នកជំងឺប្រឈមនឹងការស្ទះសរសៃឈាមបេះដូងយ៉ាងប្រាកដ និងអាចបណ្តាលឲ្យជំងឺគាំងបេះដូងស្លាប់តែម្តង ហើយជំងឺស្ទះសរសៃឈាមនេះ គឺកើតឡើងចំពោះអ្នកជំងឺដែលមានវ័យចាប់២០ឆ្នាំឡើងទៅ។
ការថ្លែងបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញ មកពីប្រទេសវៀតណាមរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាល «ជំងឺសរសៃឈាមបេះដូង» ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆ្អឹងខ្នងចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះ គឺកិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។
វេជ្ជបណ្ឌិត ជិន អាញ់ជឿង បានបញ្ជាក់ថា «ជំងឺស្ទះសរសៃឈាម កើតឡើងចំពោះអ្នកជំងឺដែលមានវ័យ ចាប់ពីវ័យជំទង់ឡើងទៅ គឺអាយុចាប់២០ឆ្នាំ ហើយកើតទៅលើបុរសច្រើនជាងស្រ្តី សម្រាប់ហានិភ័យ នៃជំងឹសរសៃឈាមបេះដូងចែកចេញជា៥ ប្រភេទ៖ទី១៖ ជំងឺលើសឈាម (លើសសម្ពាធឈាម), ទី២៖ ទឹកនោមផ្អែម, ទី៣៖ ខ្សោយតម្រង់នោមរ៉ាំរ៉ៃ ទី៤៖ លើសជាតិខ្លាញ់, ទី៥៖ ការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ ដូចជាការពិសាស្រា និងការជក់បារី ដែលនាំឲ្យក្រិននៃកំណកសរសៃឈាមបេះដូង បណ្តាលឲ្យមនុស្សស្ទះសរសៃឈាម និងអាចឲ្យគាំងបេះដូង»។
លោកវេជ្ជបណ្ឌិតបន្តថា ជំងឺសរសៃឈាមបេះដូង ត្រូវបានចែកចេញជា២ប្រភេទ៖
១៖ ជំងឺស្ទះសរសៃឈាមបេះដូងលក្ខណៈរ៉ាំរ៉ៃ (មិនទាន់ស្ទះទាំងស្រុងនោះទេ) កើតឡើងដោយសារតែភាពក្រិន នៃសរសៃឈាមបេះដូង នឹងបណ្តាលឲ្យអ្នកជំងឺចុកទ្រូង ឬណែនទ្រូង ថប់ដង្ហើម។
២៖ ជំងឺស្ទះសរសៃឈាមបេះដូង ដោយស្រួចស្រៀវ (ស្ទះទាំងស្រុង) បណ្តាលឲ្យអ្នកជំងឺចុកទ្រូង ឬណែនទ្រូង ថប់ដង្ហើម ឬឈានដល់គាំងបេះដូង។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតឯកទេសបេះដូង និងសរសៃឈាមបានពន្យល់ថា ជំងឺទាក់ទងនឹងសរសៃឈាម គឺជាជំងឺម្យ៉ាងដែលបណ្តាលមកពីការស្ទះសរសៃឈាមដោយកត្តាណាមួយ ដែលធ្វើឲ្យឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់។ កាលណាឈាមចិញ្ចឹមបេះដូង មិនគ្រប់គ្រាន់អាចធ្វើឲ្យមនុស្សចុកទ្រូង ឬណែនទ្រូង ថប់ដង្ហើម ឬមានបញ្ហាទាក់ទងនឹងចង្វាក់បេះដូងមួយទៀត។ មួយវិញទៀត គឺបណ្តាលមកពីការស្ទះ ឬក៏ស្បៀត និងកន្ត្រាក់សរសៃឈាមបេះដូង ដែលបណ្តាលឲ្យឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុនសម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល «ជំងឺសរសៃឈាមបេះដូង» ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នក «ជំងឺសរសៃឈាមបេះដូង» នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាម លោក ជិន អាញ់ជឿង ក៏បានណែនាំឲ្យអ្នកជំងឺប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីសិក្សាពីជំងឺរបស់ខ្លួនដែលមានប្រចាំថ្ងៃ និងមួយវិញទៀតប្រសិនបើអ្នកជំងឺមិនបានទៅពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងធ្វើឲ្យអ្នកជំងឹគាំងបេះដូង រួមនឹងផលប៉ះពាល់ចំនួន៣ចំណុចធំៗទៀតនោះគឺ ទី១៖ គាំងបេះដូង ទី២៖ ខ្សោយបេះដូង ទី៣៖ ចង្វាក់បេះដូងលើតមិនស្មើ ថែមទាំងអាចធ្វើឲ្យមានបម្រែបម្រួលកោសិកាបេះដូង ជាពិសេសធ្វើឲ្យប្រឺសនៃបេះដូងអាចចំហរ៕