(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរដូចខាងក្រោម៖
១៖ ពិនិត្យរៀបចំគោលការណ៍កំណត់ថ្លៃលក់ទឹកស្អាតតាមបំពង់ របស់សហគ្រាសរដ្ឋ និងឯកជន៖
ស្របគ្នានឹងការបញ្ចុះថ្លៃអគ្គិសនី, ដើម្បីជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង, រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់បន្ថែម ទៅក្នុងការពិនិត្យលទ្ធភាពបញ្ចុះថ្លៃលក់ទឹកស្អាត ជូនប្រជាពលរដ្ឋ ដូចដែលបានដាក់ចេញនៅក្នុងកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយត្រូវពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជន ឱ្យបាន៩០% នៅឆ្នាំ ២០២៣ និង១០០% នៅត្រឹមឆ្នាំ២០២៥ ដោយឈរលើបុរេលក្ខខណ្ឌបួន គឺ៖ ទឹកត្រូវមានគុណ, សុវត្ថិភាព, និរន្តភាព និង តម្លៃសមរម្យ ។
នាពេលបច្ចុប្បន្ន, វិស័យផលិត និងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានដំណើរការ និងគ្រប់គ្រងដោយសហគ្រាសសាធារណៈ និងឯកជន សរុបចំនួន២៦៩ ក្នុងនោះ អង្គភាពរដ្ឋាករទឹកសាធារណៈមាន១៣ (ថ្នាក់ខេត្ត-ក្រុង មាន១១ និងថ្នាក់ស្រុកមាន២) និងប្រតិបត្តិករឯកជនមាន ២៥៦ (ថ្នាក់ខេត្ត-ក្រុង មាន១៤ និងទីប្រជុំជន ២៤២) ។ ការផ្គត់ផ្គង់ទឹកស្អាតមានលក្ខណៈមិនដូចនឹងការផ្គត់ផ្គង់អគ្គិសនី ដែលការផលិតមានលក្ខណៈប្រមូលផ្តុំ ហើយដែលការតភ្ជាប់អគ្គិសនីទៅតាមតំបន់ជបបទ (ភូមិ/ឃុំ) មានភាពងាយស្រួយជាង ។
ចំណែកឯការតភ្ជាប់ និងការបញ្ជូនទឹកស្អាតទៅតំបន់ឆ្ងាយៗ នៅជួបការលំបាកច្រើន ដែលទាមទារទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ដ៏ច្រើន។ បច្ចុប្បន្ន, ភាពខុសគ្នានៃការកំណត់ថ្លៃលក់ទឹកស្អាត ត្រូវបានកំណត់តាមមូលដ្ឋានជាក់ស្តែងនីមួយៗ ដោយត្រូវរាប់បញ្ចូលនូវកត្តាស្ថានភាពភូមិសាស្រ្ត, គុណភាព ប្រភពទឹកឆៅ, ស្ថានភាពជីវភាពប្រជាជន, ស្ថានភាពពលកម្ម និងកម្រិតយល់ដឹងអំពីប្រសិទ្ធភាព សំអាតទឹករបស់ប្រតិបត្តិករនីមួយៗ។
ពាក់ព័ន្ធនឹងបញ្ហាថ្លៃទឹកស្អាតនេះ, អង្គប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានគិតគូរថ្លឹងថ្លែងគ្រប់ទិដ្ឋភាព ក្នុងគោលបំណងធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពកម្រិតមធ្យម និងទាប ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃមួយ សមរម្យអាចទទួលយកបាន តាមរយៈការរិះរកវិធានការកាត់បន្ថយចំណាយថ្លៃដើមនៃការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករទឹកស្អាតទាំងអស់ ទាំងសហគ្រាសសាធារណៈ និងឯកជន ក្នុងនោះ, អង្គប្រជុំ បានពិនិត្យលទ្ធភាពមួយចំនួនសំខាន់ៗ រួមមាន វិធានការគាំទ្រផ្នែកសារពើពន្ធ, លទ្ធភាពជួយឧបត្ថម្ភធនរបស់រដ្ឋ, ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងវិធានការរួមផ្សំដទៃផ្សេងទៀត ។
២. សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣៖
អង្គប្រជុំបានបន្តពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣” ដែលរៀបចំឡើងដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គជនា/កអក) ។
អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់ នៃយុទ្ធសាស្រ្តនេះ ដែលមានគោលដៅចម្បង គឺការបន្តកៀរគរ, គ្រប់គ្រង និងលើកកម្ពស់ស័ក្តិសិទ្ធភាព នៃហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលដៅ អាទិភាពជាតិដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ដើម្បីសម្រេចគោលដៅនេះ, យុទ្ធសាស្រ្តបានរៀបចំគោលការណ៍, យន្តការ និងឧបករណ៍មួយចំនួន ក៏ដូចជា ក្របខណ្ឌលទ្ធផលសម្រាប់តាមដានការអនុវត្ត ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មក្នុងប្រទេស និងសកល ។
«សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣» ត្រូវបានពិភាក្សា ជាមួយក្រសួង-ស្ថាប័ន, ដៃគូអភិឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល យ៉ាងទូលំទូលាយរួចហើយ មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ នាពេលនេះ ។
បន្ថែមលើនេះ, អង្គប្រជុំបានពិភាក្សាលើចំណុចមួយចំនួន ក៏ដូចជាការឆ្លើយបំភ្លឺបន្ថែមពីក្រសួង-ស្ថាប័នសាមី ដែលធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងរាជរដ្ឋាភិបាលអនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខនេះ៕