(ចិន)៖ នៅប្រទេសចិន គេបានបង្កើតនិម្មិតសញ្ញាសមូហភាពបែបសប្បុរសមួយ ដើម្បីជួយឱ្យផលិតផលកសិកម្ម ដែលផលិតដោយប្រជាពលរដ្ឋនៅតាមតំបន់ក្រីក្រ អាចលក់បានកាន់តែដាច់។ ហើយនិម្មិតសញ្ញានេះ បានចាប់ផ្ដើមដំណើរការជាផ្លូវការ កាលពីថ្ងៃសៅរ៍កន្លងទៅ នាទីក្រុងប៉េកាំង។
ដើមឡើយ ចិនបានបង្កើតនិម្មិតសញ្ញានេះឡើង ដើម្បីជួយលក់ផលិតផលដែលផលិតដោយប្រជាពលរដ្ឋនៅខេត្ត ស៊ីឈាន់ ភាគខាងត្បូងឈាងខាងលិចប្រទេសចិន។ និម្មិតសញ្ញានេះ គឺជាការសាកល្បងដំបូងបង្អស់នៅប្រទេសចិន។ គោលបំណងរបស់និម្មិតសញ្ញានេះ គឺចង់ផ្ដល់ឱ្យផលិតផលមកពីខេត្ត និងភូមិទាំងឡាយណាដែលត្រូវការពង្រីកសេដ្ឋកិច្ចបំផុត បានមានឱកាសកាន់តែច្រើន សម្រាប់ដាក់លក់ផលិតផលរបស់ពួកគេ។
លោក ជាំង ឈូ នាយក មន្ទីរកាត់បន្ថយភាពក្រីក្រនិងបំឡាស់ទីលំនៅ ខេត្តស៊ីឈាន់ និយាយថា «ពួកយើងនឹងលើកទឹកចិត្តអោយក្រុមហ៊ុន វេបសាយ និងផ្សារទំនើបនានា ជួយលើកស្ទួយផ្សព្វផ្សាយផលិតផលទាំងឡាយ ដែលមានបិតនិម្មិតសញ្ញា ‘កាត់បន្ថយភាពក្រីក្រនៅខេត្តស៊ីឈាន់’។ ភាគីដែលចូលរួមលើកស្ទួយដល់ការងារនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរបស់យើង»។
បច្ចុប្បន្ន និម្មិតសញ្ញានេះ មានបិតនៅលើទំនិញនិងសេវាកម្មសំខាន់ៗចំនួន១២ប្រភេទ រួមមានដូចជាគ្រឿងទេស តែ ផលិតផលធ្វើដោយដៃ សេវាដឹកជញ្ជូន និងសេវាទេសចរ។ បើគិតជាប្រាក់ ទំនិញនិងសេវាកម្មទាំងនេះមានគេកុម្ម៉ង់ទិញចំនួនប្រហែល៣៥០លានដុល្លារអាមេរិក នៅប៉េកាំង។
លោក យ័ន វឹនអាសៀន ប្រធានសមាគមកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចិន និយាយថា «យើងបានបង្កើតគណៈកម្មការមួយសម្រាប់ចាត់ចែងការងារផ្សព្វផ្សាយផលិតផលកសិកម្ម ដើម្បីធ្វើឱ្យផលិតផលទាំងនោះ មានចរាចរនៅលើទីផ្សារជាទ្រង់ទ្រាយធំ។ ការងារនេះ ជួយជាចំបងចំពោះផលិតផលដែលយកមកពីតំបន់ដែលក្រីក្រខ្លាំង»។
សមាគមកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចិន និង ការិយាល័យកាត់បន្ថយភាពក្រីក្រជាតិចិន នឹងរួមគ្នាធ្វើគម្រោងជាច្រើន សម្រាប់ធ្វើចរាចរផលិតផលកសិកម្មពិសេសៗដែលយកមកពីតំបន់ក្រីក្រមួយចំនួន។ នៅពេលក្រោយ ស្ថាប័នទាំងពីរ នឹងព្យាយាមពង្រីកនិម្មិតសញ្ញានេះ អោយមានបិតនៅលើផលិតផលផ្សេងៗទៀត ដែលផលិតនៅតាមតំបន់ក្រីក្រកាន់តែច្រើនកន្លែងទូទាំងប្រទេសចិន ដើម្បីចូលរួមដោះស្រាយបញ្ហាភាពក្រីក្រនៅតាមទីជនបទ និង វិសមភាពក្នុងសង្គម៕ (សារព័ត៌មាន CCTV របស់ចិន)