(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដី ដើម្បីត្រួតពិនិត្យការងារត្រៀមសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ដល់ថ្ងៃ៣១ខែធ្នូ នៅលើទីតាំងផ្ទៃដីជាង៨ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
កិច្ចប្រជុំបានផ្តោតលើការងារសន្តិសុខសណ្តាប់ធ្នាប់, ការចូលរួមរបស់មហាជន, ការចតយានយន្តក៏ដូចជាការតុបតែងលំអរ, ការរៀបចំហេដ្ឋារចនាសម្ពន្ធ័នៅក្នុង និងខាងក្រៅបរិវេណវិមានឈ្នះឈ្នះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យគ្រប់មន្ទីរ, អាជ្ញាធរខណ្ឌទាំង១២ អនុវត្តតាមផែនការណែនាំរបស់គណៈកម្មការរៀបចំពិធី និងបែងចែកភារកិច្ចទទួលខុសត្រួវរៀងៗខ្លួន ដើម្បីធានាបានពិធីសម្ពោធវិមានឈ្នះឈ្នះ ប្រព្រឹត្តិទៅប្រកបដោយ ភាពល្អប្រសើរស័ក្តិសមទៅនឹងខ្លឹមសារនៃនយោបាយឈ្នះឈ្នះ ដែល ខ្មែរគ្រប់រូបឈ្នះទាំងអស់គ្នា ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗបានធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ស្របគ្នានឹងរាជរដ្ឋាភិបាលកំពុងត្រៀមរៀបចំ ទទួលអំណរសាទរខួបលើកទី៤០ នៃថ្ងៃជ័យជំនេះ៧មករា នាពេលដ៏ខ្លីខាងមុខនេះដែរ។
លោក ឃួង ស្រេង បញ្ជាក់ថា រាល់ការងារទាំងអស់ ត្រូវធ្វើឲ្យបានចប់ទាំងស្រុងត្រឹមថ្ងៃទី២៨ធ្នូ។ ពាក់ពន្ធ័នឹងបញ្ហាការទាមទារដំឡើង ប្រាក់ខែរបស់កម្មករ កម្មការនីរបស់ក្រុមហ៊ុន ស៊ីនទ្រី និងការធ្វើបហិការមិនប្រមូលសំរាមក្នុងរយៈពេល២ថ្ងៃមកនេះ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្នសិន ទំរាំបញ្ហាត្រូវបានដោះស្រាយ។
លោកបន្តថា ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេ ត្រូវគិតដល់ពេលខាតខ្លះផង ហើយក្រុមហ៊ុនស៊ីនទ្រីក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញ ធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននោះដែរ។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងចាត់វិធានការលើការដោះស្រាយការកកស្ទះសំរាមតាមដង ផ្លូវនានា ក្នុងរាជធានីភ្នំពេញ នៅពេលដែលកម្មការក្រុមហ៊ុនស៊ីនទ្រី ធ្វើពហិការមិនប្រមូលសំរាមដូចសព្វដង៕