(ភ្នំពេញ)៖ យោងតាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការតវ៉ារបស់កម្មករក្រុមហ៊ុន ស៊ិនទ្រី រឿងផ្ទុះការតវ៉ាសុំតម្លើងប្រាក់ខែ ត្រូវបានដោះស្រាយ បញ្ចប់ហើយ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោយពីថៅកែក្រុមហ៊ុន សម្រេចតម្លើងបន្ថែមប្រាក់ខែ ឲ្យកម្មករ ក្នុង១នាក់៩ដុល្លារ ដោយការតម្លើងនេះ នឹងអនុវត្ដចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។
តាមសេចក្ដីរាយការណ៍ បានបន្ថែមទៀតថា ក្នុងជំនួបការដោះស្រាយបញ្ហាកម្មករ ស៊ិនទ្រី ធ្វើកូដកម្មនេះ ដោយមានវត្តមានចូលរួម ពីសំណាក់លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ, លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, ថៅកែក្រុមហ៊ុន, លោក កៅ សុខវ៉ាត សហជីពកម្មករនិយោជិកវិស័យទេសចរណ៍ នៃក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
តាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារ Fresh News បានបញ្ជាក់ទៀតថា ក្រោយពីដោះស្រាយបញ្ចប់ បញ្ហារឿងតម្លើងប្រាក់ខែនេះ ខណៈពេលនេះ រថយន្ដដឹកសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី ជាច្រើនគ្រឿង បាននឹងកំពុងចេញដំណើរការ ប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដូចជាធម្មតាឡើងវិញ។
កាលពីព្រឹកមិញ ក្រោយមានបញ្ហានេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ម្ខាងបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះអាសន្ន និងម្ខាងទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត៕