(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែកជូនវិញ្ញាបនបត្រ បញ្ចប់ការសិក្សាលើជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ដល់សិក្ខាកាមជំនាន់ទី១ចំនួន២០០នាក់ ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ។
ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ ត្រូវបានប្រពឹត្តឡើងក្រោមការចូលរួមពីលោក រស់ ភីរុណ អគ្គនាយករង នៃអក្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA អាណត្តិទី៥ និងលោក ច្រឹក សុខនីម ប្រធានសមាគម CVEA ថ្មី និងសិក្ខាកាមជាច្រើនរូបផងដែរ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» និងជំនាញ «វិជ្ជាជីវៈវាយតម្លៃ» របស់សាកលវិទ្យាល័យនេះត្រូវបានទទួលការឯកភាពពី អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច កាលពីដើមខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ដោយឡែកសម្រាប់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ ក៏មានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោកបណ្ឌិត ជួន រតនៈ ឱ្យដឹងថា វគ្គបណ្តុះបណ្តាល «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ដែលសាកលវិទ្យាល័យ បាននិងកំពុងដំណើរការនេះមានរយៈពេល បណ្តុះបណ្តាលសរុបចំនួន៧៨ម៉ោងមាន៦មុខវិជ្ជាដែលត្រូវរៀន ក្រៅពីនេះសិក្ខាកាមត្រូវចូលរួមទស្សនកិច្ចសិក្សា លើការដ្ឋានការងារជាក់ស្តែងដូចជា៖ សំណង់ផ្ទះល្វែង, បុរី, ខន់ដូ, អាផាតមិន៍ជាដើម, ដែលសហការរៀបចំដោយសាកលវិទ្យាល័យ និងសមាគម CVEA ថែមទៀតផង។
មួយវិញទៀតកម្មវិធីបណ្តុះបណ្តាលនេះ តម្រូវឲ្យមុនពេលរៀនចប់សិក្ខាកាម ត្រូវចូលរួមការប្រឡងបញ្ចប់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងមានការចូលរួមត្រួតពិនិត្យការប្រឡង ដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោក រស់ ភីរុណ គណៈអធីបតីនៃអង្គពិធីលើកឡើងថា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព របស់សង្គមជាតិមួយគឺជៀសមិនផុតពី ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំតាមរយៈការបង្កើតនូវធនធានមនុស្ស ដែលមានចំណេះជំនាញពិតប្រាកដទាំងជំនាញរឹង និងជំនាញទន់និយាយជារួម និងនិយាយដោយឡែក វិស័យអចលនវត្ថុកម្ពុជា ជាវិស័យដែលឈរក្នុងលំដាប់ទី៤ បច្ចុប្បបន្នបន្ទាប់ពីវិស័យវាយនភ័ណ្ឌុ, ពាណិជ្ជកម្ម និងទេសចរណ៍ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបន្ដថា ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការជំរុញការអភិវឌ្ឍវិស័យមួយនេះ ឱ្យកាន់តែរីកចម្រើនក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តម្រូវឱ្យតួអង្គដែលពាក់ព័ន្ធរួមមានបញ្ញត្តិករ, ប្រតិបត្តករ និងស្ថាប័នសិក្សាធិការ រួមសហការគ្នា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគទាំងក្នុងស្រុក និងបរទេសពិសេសក្នុងការប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់។
លោកបន្ថែមថា កាលពីពាក់កណ្តាលឆ្នាំ២០១៨កន្លងទៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានអនុញ្ញាតឱ្យ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បើកវគ្គបណ្តុះបណ្តាលលើមុខជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ« និងជំនាញ «វិជ្ជាជីវៈវាយតម្លៃ» ដែលការបណ្តុះបណ្តាលជំនាន់ទី១ លើជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» បានចាប់ផ្តើមកាលពីខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
ក្នុងនោះលោកគណៈអធិបតី បានបង្ហាញពីការពេញចិត្ត និងការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះកម្មវិធីបណ្តុះបណ្តាលខាងលើ តាមរយៈការមើលឃើញពីការគាំទ្រពី អ្នកប្រកបរបរពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងសាធារណជនទូទៅដែលចាប់អារម្មណ៍ និងចុះឈ្មោះសិក្សាលើជំនាញនេះ ក្នុងជំនាន់ទី១ និងជំនាន់ទី២ និងជំនាន់បន្តបន្ទាប់ទៀត។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានឆ្លងកាត់ការប្រឡង និងទទួលបានលទ្ធផលល្អប្រសើរ និងត្រូវទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាឱកាសនោះផងដែរ។
លោកឧកញ៉ា ចេង ខេង, លោកបណ្ឌិត គីម ហ៊ាង និងលោក ច្រឹក សុខនីម ក៏បានប្រកាសគាំទ្រពីការលើកឡើង របស់គណៈអធិបតីពីគុណតម្លៃនៃការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអចលនវត្ថុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព បន្ថែមពីនេះថ្នាក់ដឹកនាំទាំងបីក៏បានប្រកាសពីការគាំទ្រ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកម្មវិធីបណ្តុះបបណ្តាល របស់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងនោះលោកបានអំពាវនាវឱ្យ មានការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធបន្ថែម ទាំងសមាជិកសមាគម និងមិនមែនសមាជិកសមាគម ដើម្បីឱ្យប្រតិបត្តករដែលបម្រើសេវាក្នុងវិស័យមួយនេះ មានចំណេះដឹងពិតប្រាកដប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ក្នុងការផ្តល់សេវាដល់ភាគីពាក់ព័ន្ធ ពិសេសវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានទំនុកចិត្តក្នុងការវិនិយោគ ក្នុងប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត៕