(ភ្នំពេញ)៖ ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានផ្តួចផ្តើមកម្មវិធីពិសារអាហារថ្ងៃត្រង់ ជាមួយអ្នកសារព័ត៌មានប្រចាំកម្ពុជា ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ដើម្បីចែករំលែកព័ត៌មានស្តីពីប្រតិបត្តិការ និងការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទាន ក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ មានការស្វាគមន៍ និងចូលរួមជាអធិបតីពីលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិរបស់ការិយាល័យឥណទាន បុគ្គលិកក្រុមហ៊ុន និងក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជា ជាច្រើននាក់។
នៅក្នុងកិច្ចពិសារអាហារដ៏សំខាន់នេះ លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម បានធ្វើបទបង្ហាញចែករំលែកអំពីប្រវត្តិ និងក្របខ័ណ្ឌគតិយុត្តិ នៃការបង្កើតការិយាល័យឥណទានកម្ពុជា ការចូលរួមចំណែករបស់ការិយាល័យឥណទានកម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកស្រីក៏បានបង្ហាញពីសេវាដំណោះស្រាយ អាជីវកម្មរបស់ស៊ីប៊ីស៊ី ដែលជួយដល់ស្ថាប័នជាសមាជិក ក្នុងការគ្រប់គ្រងហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាពិសេស ចាប់ពីឆ្នាំ២០១៩តទៅ ការិយាល័យឥណទានកម្ពុជា នឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធរបាយការណ៍ឥណទានក្រុមហ៊ុន ដែលអនុញ្ញាតឲ្យស្ថាប័នជាសមាជិកអាចធ្វើការឆែករបាយការណ៍ឥណទាន របស់ក្រុមហ៊ុនដែលស្នើសុំឥណទានអាជីវកម្ម។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ របស់ការិយាល័យឥណទានកម្ពុជា បានថ្លែងថា «អស់រយៈពេលជាង៦ឆ្នាំហើយ ដែលស៊ីប៊ីស៊ីបានដំណើរការក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យស្ថាប័នជាសមាជិកទាំង ១៥៨ស្ថាប័នអាចឆែករបាយការណ៍ឥណទានលក្ខណៈបុគ្គល (Credit Report) តាមរយៈប្រព័ន្ធរបស់ស៊ីប៊ីស៊ី។ តាមរយៈប្រព័ន្ធនេះ វាបានជួយរួមចំណែក ដល់ការគ្រប់គ្រងហានិភ័យឥណទាន និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដល់ស្ថាប័នជាសមាជិកក្នុងការសម្រេចចិត្ត ជួយដល់អតិថិជនក្នុងការស្វែងរកឥណទាន និងជួយដល់សេ្ថរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល។ ដោយមើលឃើញអត្ថប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធទើបនៅឆ្នាំ ២០១៨នេះ ការិយាល័យឥណទានកម្ពុជា បានសហការជាមួយស្ថាប័នជាសមាជិក និងស្ថាប័នដៃគូពាក់ព័ន្ធនានា ក្នុងការបង្កើតប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាន លក្ខណៈក្រុមហ៊ុន (និតីបុគ្គល)»។
លោកបានបន្តថា «ជាលទ្ធផល យើងមានមោទនភាពក្នុងការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន (និតីបុគ្គល) ចាប់ពីខែមករា ឆ្នាំ ២០១៩តទៅ ដែលអនុញ្ញាតឲ្យស្ថាប័នជាសមាជិក អាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុន ដែលស្នើសុំឥណទានបាន»។
ក្រៅពីសេវាកម្មដែលបម្រើដល់ស្ថាប័នជាសមាជិក ស៊ីប៊ីស៊ី ក៏អនុញ្ញាតឲ្យអតិថិជនទូទៅ ឆែករបាយការណ៍ឥណទានផ្ទាល់ខ្លូនបានដែរ ដែលបច្ចុប្បន្នតម្រូវឲ្យសាធារណជន អញ្ជើញមកការិយាល័ស៊ីប៊ីស៊ីផ្ទាល់។ ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្ម ប្រកបដោយភាពជឿជាក់ និងតម្លាភាពជូនស្ថាប័នសមាជិក និងប្រជាពលរដ្ឋទូទៅ។
ការិយាល័យឥណទានកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនូវ «សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ (Financial Health Check)» តាមរយៈការសហការដៃគូជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ដែលអនុញ្ញាតឲ្យអតិថជន អាចឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនបាន ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ នៅតាមសាខាមួយចំនួន របស់ស្ថាប័នទាំងពីរ។ សេវាកម្មនេះ នឹងពង្រីកបន្ថែមជាមួយស្ថាប័នដៃគូ ក្នុងគោលដៅគ្របដណ្តប់ គ្រប់សាខាទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ផងដែរ៕