(ភ្នំពេញ)៖ និស្សិត ជ័យលាភីអាហារូបករណ៍ ជីប ម៉ុង ឆ្នាំ២០១៨ ចំនួន១៥នាក់ បានជួបជុំគ្នាក្នុងកម្មវិធីស្វាគមន៍និសិត្សអាហារូបករណ៍ ជីប ម៉ុង ឆ្នាំ២០១៨ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីស្វែងយល់ពីក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលសមត្ថភាពនានា ដែលក្រុមហ៊ុនរៀបចំសម្រាប់ពួកគេ និងជួបស្គាល់សហការី ជីប ម៉ុង មួយចំនួនដែលបានស្ម័គ្រចិត្ត ធ្វើជាអ្នកប្រឹក្សាយោបល់របស់ពួកគេ។
និសិត្សអាហារូបករណ៍ ជីប ម៉ុង ម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភសរុប ៦,០០០ដុល្លារ សម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សារយៈពេលបួនឆ្នាំ។ ជ័យលាភីទាំង១៥នាក់ គឺជាសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ដែលទទួលបាននិទ្ទេស A និងB ហើយបានឆ្លងកាត់វគ្គជម្រុះដ៏តឹងរ៉ឹង២ដំណាក់កាលធំៗរួមមាន វិញ្ញាសារសរសេរ និងវគ្គសម្ភាស ដោយជោគជ័យ និងបានពិន្ទុខ្ពស់បំផុត ក្នុងចំណោមអ្នកប្រកួតប្រជែង ដែលមាននិទ្ទេស A និងB រាប់រយនាក់ផ្សេងទៀត។
ថ្លែងក្នុងកម្មវិធីស្វាគមន៍និស្សិតអាហារូបករណ៍ ជីប ម៉ុង បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា ក្រុមហ៊ុនតែងតែចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្សឆ្នើមប្រចាំឆ្នាំ។ នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុន ផ្តល់អាហារូបករណ៍ដោយផ្ទាល់ទៅដល់សិស្សឆ្នើម។
បន្ថែមពីលើនេះ ក្រុមហ៊ុនក៏តែងតែផ្តល់អាហារូបករណ៍ ទៅឲ្យនិស្សិតរាប់ពាន់នាក់រៀងរាល់ឆ្នាំ តាមរយៈស្ថាប័នអាហារូបករណ៍នានាផងដែរ។
លោកបានបន្តថា «អ្វីដែលសំខាន់ជាងថវិកា ៦,០០០ដុល្លារនេះ គឺយើងនឹងបង្កើតសហគមន៍មួយដែលល្អ ដែលក្នុងមួយឆ្នាំៗ យើងនឹងមានសមាជិកថ្មី ដែលជាសិស្សឆ្នើម១៥នាក់ មកចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក»។
ក្រៅពីអាហារូបករណ៍ទឹកប្រាក់ចំនួន ៦,០០០ដុល្លារ និសិត្សអាហារូបករណ៍ ជីប ម៉ុង នឹងទទួលបាន វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពជាច្រើន និងឱកាសក្នុងការចូលរួមសកម្មភាពសង្គមរបស់ក្រុមហ៊ុន ព្រមទាំងឱកាសក្លាយជាបុគ្គលិកហាត់ការ នៅក្នុងក្រុមហ៊ុនផងដែរ ដើម្បីពង្រឹងសមត្ថភាព និងទទួលបានបទពិសោធន៍ការងារ សម្រាប់ថ្ងៃអនាគត ៕