(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យផ្ទួនៗ និងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើម ពីទស្សនិកជន នៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍២ដងកន្លងទៅ ជាមួយការប្រគុំតន្រ្តីបែប រ៉ក ឥឡូវនេះតន្រ្តីស្រាបៀរកម្ពុជា Rock the Nation នឹងមករ៉កនៅទឹកដីកោះពេជ្រ ជាមួយឈ្មោះដ៏ឡូយគឺ «Rock the New Year Countdown!» ឲ្យសមជាមួយរាត្រីដ៏សប្បាយរីករាយ ដែលយុវវ័យជាច្រើនកំពុងទន្ទឹងរង់ចាំ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរឆ្លងឆ្នាំថ្មី ២០១៨ ចូល២០១៩ ។

លោក លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «តារាចម្រៀងចូលរួមមាន ទាំងតារាចម្រៀង Original ក្មេងខ្មែរ ឡូរ៉ា ម៉ម ក្រុមតូច Small World Small Band ក្រុម Mustache Band តារាចម្រៀងពីផលិតកម្មផ្សេងៗរួមមាន កញ្ញា ឱក សុគន្ធកញ្ញា លោកខេមរៈ សេរីមន្ត ហ្សូណូ បូព្រឹក កែវសុបញ្ញា កញ្ញា រ៉ាប៊ី អ្នកលេងភ្លេងដ៏ល្បី កញ្ញា ឌី ជេ អាវីដា និងតារាកិត្តយសមួយចំនួនទៀត»។

ជាងនេះទៅទៀត លោកបន្តទៀតថា «ការប្រគំតន្ត្រីនេះ នឹងបើកឲ្យទស្សនិកជន ចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី៣០ ខែធ្នូ តទៅ ហើយក៏មានការចាក់ផ្សាយបន្តផ្ទាល់ផងដែរ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ព័ត៌មាន ចាប់ពីម៉ោង៨ល្ងាចតទៅ នៅរាត្រីឆ្លងឆ្នាំថ្ងៃទី៣១ធ្នូ រហូតដល់ពាក់កណ្តាលអធ្រាតឯណោះ»។

លោកអគ្គនាយក ក៏បានបង្ហើប ពីគោលបំណងនៃការប្រគំតន្ត្រីនេះផងដែរថា «យើងរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមអបអរសាទរចូលឆ្នាំថ្មីឆ្នាំសកល ២០១៨ ចូល២០១៩ ជាមួយយុវវ័យ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល នឹងផ្តល់ភាពសប្បាយរីករាយដល់ពួកគេទាំងអស់គ្នា ហើយក៏ឆ្លៀតឱកាសថ្លែងអំណរគុណ ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា ដែលបានគាំទ្រផលិតផលភេសជ្ជៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កន្លងមកផងដែរ»

លោកក៏បានថ្លែងគោរពអញ្ជើញយុវជន យុវវ័យ និងបងប្អូនប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ និងទូទាំងប្រទេសចូលរួមទស្សនាផ្ទាល់ ឬនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីទទួលយកភាពសប្បាយរីករាយទាំងអស់គ្នា និងជូនពរឆ្នាំថ្មី រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ។

រីឯលោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធី នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងលម្អិតថា «ចង្វាក់ភ្លេង និង បទចម្រៀង ដែលត្រូវយកមកសម្តែងនៅក្នុងកម្មវិធីនេះ គឺនឹងមានលក្ខណៈចម្រុះបែបទាន់សម័យ ទាំងចង្វាក់រ៉ក ចង្វាក់ប្រជាប្រិយបែបមនោសញ្ចេតនា និង បទភ្លេងកន្រ្តាក់អារម្មណ៍ បែបក្នុងក្លឹបកម្សាន្ត ហើយក៏នឹងមានការបាញ់កាំជ្រួចអបអរសាទរ នៅពាក់កណ្តាលអធ្រាត ឆ្លងចូលឆ្នាំ២០១៩ ផងដែរ»

លោកជឿជាក់ថា ការប្រគំតន្រ្តីនេះ នឹងជារាត្រីដ៏សប្បាយរីករាយគ្មានពីរ ដូច្នេះសូមទស្សនិកកុំភ្លេច ចូលរួមទស្សនាផ្ទាល់ នៅមុខបរិវេណកោះពេជ្រ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕