(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អេមីកូ ប៉េកាំង ដែលជាក្រុមហ៊ុនកុលសម្ព័នរបស់ក្រុមហ៊ុន អ៊ែរ ឆាយណា បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា ស្ដីពី «យុទ្ធសាស្ដ្រសហប្រតិបត្ដិការ» ដើម្បីបង្កើននូវសុខសុវត្ថិភាព និងសេចក្ដីទុកចិត្ដបន្ថែមទៀត ជូនដល់អ្នកដំណើរ ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាភោជនីយដ្ឋាន Topaz ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងលោក ប៊ីន តេង ( Mr. BIN TENG ) នាយកជាន់ខ្ពស់ ផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេមីកូ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
ក្រុមហ៊ុន អេមីកូ ជាក្រុមហ៊ុនផ្តល់សេវាកម្មជំនួយផ្នែកបច្ចេកទេស ដូចជាការជួសជុលគ្រឿងម៉ាស៊ីនយន្តហោះ និងការជួសជុលផ្នែកបច្ចេកទេសផ្សេងៗទៀត បន្ថែមទៅលើនេះទៀត ក្រុមហ៊ុន អេមីកូ ប្ដេជ្ញាជួយគាំទ្រ និងជំរុញនូវគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ និងអ៊ែរ ឆាយណា ឲ្យកាន់តែជិតស្និត ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៃកម្ពុជាតែមួយគត់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្រសិទ្ធនាមដោយក្រសួងទេសចរណ៍ ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅកម្ពុជា សម្រាប់ឆ្នាំ២០១២ ឆ្នាំ២០១៤ និងឆ្នាំ២០១៨។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបម្រើសេវាកម្មហោះហើរក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងវៀតណាម និងចិន៕