មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តប្រចាំការត្រួតពិនិត្យទំនិញចំនួន៦ផ្សារ ក្នុងរាជធានីភ្នំពេញ
27-12-2018 15:11
(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តចុះប្រចាំការចំនួន៦ផ្សារ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដោយសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេត និងស្រាវជ្រាវទប់ស្កាត់ទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
មន្ត្រីជំនាញ បានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ -ល-។
ការធ្វើបែបនេះ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដោយជាលទ្ធផល បានដកហូតចាហួយចិនម៉ាក HANLE ហួសកាលបរិច្ឆេទចំនួន០២ កញ្ចប់ ស្មើ១.៤គីឡូក្រាមរក្សាទុក ដើម្បីកំទេចចោលទៅតាមនិតិវិធី។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល ដែលប្រចាំការគោលដៅផ្សារនីមួយៗ ក៏បានអំពាវនាវដល់អាជីវករផ្សារ ក៏ដូចតាមហាងលក់ទំនិញទាំងអស់ អាចយកទំនិញរបស់ខ្លួនដែលសង្ស័យថា មានសារធាតុគីមី មកពិនិត្យដល់ទីតាំងគោលដៅ បានគ្រប់ពេលម៉ោងប្រចាំការ។
ចំពោះកម្មភាពទាំងនេះ គឺអនុវត្តទៅតាមការណែនាំ របស់លោកប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕