(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ ជាមួយសិក្ខាកាម៨០នាក់បន្ថែមទៀត ដែល ទទួលបានជំនាញលើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិក ដូចជា ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល៤ខែកន្លងទៅ។
អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា លោក Seungho Choi បានមានប្រសាសន៍នៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា «យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាព និងជំនាញបុគ្គលម្នាក់ៗអាចជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់ លើគោលដៅរបស់យើង ក្នុងការបន្តជួយអភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះ នឹងក្លាយជាវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង»។
ឆ្នាំនេះ គឺជាឆ្នាំទី៥ នៃវគ្គបណ្ដុណបណ្ដាល Samsung Tech Institute ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៨០នាក់ លើបីជំនាញផ្សេងៗគ្នាដូចជា ជំនាញជួលជុលទូរស័ព្ទ និងថែបផ្លែត ជំនាញជួសជុល Smart TV និងជំនាញជួសជុលគ្រឿងបរិក្ខាអេឡិកត្រូនិក។
គោលបំណងសំខាន់របស់ Samsung Tech Institute គឺចូលរួមជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើតទីផ្សារការងារឲ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតំរូវការបច្ចុប្បន្ន។ សិក្ខាកាមសរុបចំនួន៣៥០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពី Samsung Tech Institute ដោយភាពជោគជ័យ នឹងទទួលបានជំនាញ ដើម្បីកសាងអាជីពរបស់ពួកគេ ឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមជួយសង្គមជាតិផងដែរ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាដៃគូដ៏រឹងមាំ របស់ក្រុមហ៊ុនសាមសុងកម្ពុជា សម្រាប់ការអនុវត្តគម្រោងនេះតាំងពីឆ្នាំ២០១៤មក។
ទន្ទឹមនឹងនោះ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងផងដែរថា ដោយជឿជាក់យ៉ាងមុតមាំថា ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់មធ្យម កម្ពុជាត្រូវការកម្លាំងពលកម្ម ដែលមានគុណភាព។
លោកបានបន្ថែមថា «ធនធានមនុស្ស ដែលកើតចេញពីលទ្ធផលបណ្ដុះបណ្ដាលរបស់ Samsung Tech Institute បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការបង្កើនជំនាញ និងបង្កើនមុខរបរការងារថែមទៀតផង ។ជាងនេះទៅទៀត បច្ចេកវិទ្យា និងវិធីសាស្ត្របណ្ដុះបណ្ដាលថ្មី ដែលផ្ដល់ជូនដោយ ក្រុមហ៊ុនសាមសុង គឺជាចំណុចដ៏សំខាន់ ក្នុងការអភវិឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា»។
ការអបអរសាទរ បានធ្វើឡើងចំពោះសិក្ខាកាមទាំងអស់ នៅពេលពួកគេទទួលបានវិញ្ញាបនបត្រនៅលើវេទិកា ដែលផ្ដល់កិត្តិយសចែកជូនដោយ លោក ប៊ុន ភារិន និងលោកអគ្គនាយក Seungho Choi។
សូមជម្រាបថា ក្នុងនោះក៏មាន លិខិតពិសេស ដែលផ្ដល់ឱកាសការងារហាត់ការ ត្រូវបានប្រគល់ជូនទៅដល់សិស្សឆ្នើមចំនួន៨នាក់ នៅក្នុងវគ្គបណ្ដុះបណ្ដាល។ លិខិតផ្ដល់ឱកាសការងារហាត់ការនេះ គឺជាការប្រកាសទទួលយកពួកគេឲ្យ ចូលទៅធ្វើការហាត់ការយៈពេល៣ខែ នៅក្រុមហ៊ុនសាមសុង ក្រោមនាយកដ្ឋានសេវាកម្មអតិថិជន ៕