(ភ្នំពេញ)៖ ប៊ែលធី គ្រុប នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំសន្និបាត បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៩ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន២,២៤៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានថ្លែងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២,២៤៣នាក់ មានសិស្ស-និស្សិតកំពុងសិក្សា ៤២,៤៩៣នាក់ និងមាន ២៤ទីតាំង ក្នុងនោះ ២២ទីតាំងជាសាលា (១៩ទីតាំងកំពុងដំណើរការ និង៣ទីតាំងកំពុងសាងសង់) និង២ទីតាំងជាសាកលវិទ្យាល័យ។
លោក លី ប៊ុនឆៃ បានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម៣ធំៗដូចជា៖ ទី១៖ ប៊ែលធីសំណង់, ទី២៖ ប៊ែលធីទេសចរណ៍ និងទី៣៖ ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៨នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖
ទី១៖ ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៩ និងកំពុងសាងសង់អគារប៊ែលធីទី២០ ទី២១ និងទី២២។
ទី២៖ ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរ ៧,៧៨៩នាក់ ក្នុងនោះ ក្នុងប្រទេស៧,១២៦នាក់ និងក្រៅប្រទេស៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ៨គ្រឿង សម្រាប់ដឹកភ្ញៀវផងដែរ។
ទី៣៖ សាលាប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២,០៥៥នាក់ ក្នុងនោះបានចែកចេញជា៖
* សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៩,៧៥១នាក់ ជាប់ ៨,៣១២នាក់ ស្មើ៨៥.២៤% និងនិទ្ទេស A ចំនួន៩៤នាក់
* សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12) ចំនួន៦,១៥១នាក់
* សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៨,៤២៧នាក់
* សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន៧២៧នាក់
សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នា រយៈពេល៤ឆ្នាំ ចុងក្រោយនេះ៖
១៖ ឆ្នាំ២០១៨នេះ សិស្ស ប៉េង គឹមហេង ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩,៩៩៩
២៖ ឆ្នាំ២០១៧ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០,០០០
៣៖ ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០,០០០
៤៖ ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩,៩៩៩
សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន៦៦នាក់ ក្នុងនោះ ទូទាំងប្រទេស ២២នាក់ និងទូទាំងរាជធានី៤៤នាក់៖
ទី៤៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១,៦៩៣នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ ៣៧១នាក់ ថ្នាក់បរិញ្ញាបត្រ ១,១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១៧៥នាក់។
ទី៥៖ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន៨៥២នាក់ ក្នុងនោះសិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១០៤នាក់ សិស្ស-និស្សិតបង់ថ្លៃ៤១នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា៧០៧នាក់។
ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ឆ្នាំ២០១៩នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
១៖ ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់តាមរយៈពិពណ៌នាការងារ បទបញ្ជាផ្ទៃក្នុង និងបង្កើនសមត្ថភាពជំនាញ
២៖ ពង្រឹងវិន័យសិស្ស-និស្សិតគ្រប់ថ្នាក់ និងបង្កើនទំនាក់ទំនងជាមួយ មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត
៣៖ ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី ឲ្យបានច្រើនតាមតម្រូវការជាក់ស្តែង
៤៖ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈវគ្គបណ្តុះបណ្តាលខ្លី (On The Job Training)
៥៖ ពង្រឹងកម្មវិធីសិក្សាផ្នែកចំណេះទូទៅចាប់ពីថ្នាក់ត្រៀម បឋមសិក្សា ដល់ថ្នាក់មធ្យមសិក្សាឲ្យមានគុណភាពខ្ពស់ ដោយសិស្សថ្នាក់ទី១២ ត្រូវប្រឡងជាប់បាក់ឌុបពី ៨៥-៩០% និងទទួលបាននិទ្ទេស A ៥% នៃចំនួនសិស្សប៊ែលធីចូលរួមប្រឡងបាក់ឌុប
៦៖ ពង្រឹងកម្មវិធីសិក្សាបន្ថែមធំៗ ទាំង៨ ឲ្យបានខ្ជាប់ខ្ជូន ស្របតាមពាក្យស្លោក «ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង»
៧៖ បង្កើនកម្មវិធី STEM តាមរយៈបន្ថែមសម្ភារបន្ទប់ពិសោធន៍ កម្មវិធី Technology បន្ទប់សម្ភារវិស្វកម្ម និង IMA Program
៨៖ បន្តបើកថ្នាក់ «គណនាលេខរហ័ស (IMA Program)» ឲ្យបានគ្រប់សាខា ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ
៩៖ សិស្សបញ្ចប់ Level 12 ត្រូវរៀនត្រៀម ៤០ម៉ោង ដើម្បីប្រឡងតេស្តអន្តរជាតិ ឲ្យបានពិន្ទុ IELTS 5.5 ឡើងទៅ និងលើកទឹកចិត្ត សិស្សដែលទទួលបានពិន្ទុ IELTS ចាប់ពី 6.5 ដល់ 7.0 ទទួលបានអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រីឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ១០០% ទៅសិក្សានៅក្រៅប្រទេស
១០៖ សាកលវិទ្យាល័យ បន្តពង្រឹងកម្មវិធីសិក្សា អន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរ និងកម្មវិធីសិក្សាជាភាសាជាតិ បានបន្ថែមថ្នាក់បំប៉នភាសាអង់គ្លេស ៤០ក្រេឌីត និងកុំព្យូទ័រ១ឆ្នាំ ដោយឥតគិតថ្លៃ និងផ្តល់ឱកាស ការងារជូននិស្សិតពូកែ បម្រើការនៅប៊ែលធី
១១៖ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងខិតខំពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយគ្រឹះស្ថានអប់រំល្បីៗទូទាំងពិភពលោក ដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សិស្ស-និស្សិត មាតាបិតា និងអាណាព្យាបាល
១២៖ ពង្រីកគោលដៅទេសចរណ៍ ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរ គួរជាទីមោទនក្រៃលែង៕