(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកសម្ពោធជាផ្លូវការហើយ នូវអគារថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារលេខ១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា, បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិត យ៉ាងច្រើនកុះករ។
វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រូវបានសាងសង់ឡើង ស្របតាមស្តង់ដាអន្តរជាតិ មានលក្ខណៈទំនើប ស្រស់ស្អាត និងត្រូវបានគូសប្លង់ ដោយក្រុមហ៊ុន HSNK របស់ប្រទេសកូរ៉េខាងត្បូង ដែលជាស្ថាបត្យករល្បីល្បាញ លំដាប់ថ្នាក់ អន្តរជាតិ ។ វិទ្យាស្ថាននេះ សាងសង់ដោយក្រុមហ៊ុន (Main Contractor) គឺក្រុមហ៊ុន PISNOKA ជាក្រុមហ៊ុនក្នុងស្រុក ដោយសហការជាមួយក្រុមហ៊ុនសាងសង់ ចំនួន៤ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ និងអគ្គិសនីចំនួន១៧ទៀត ។ សរុបរួមមាន ២២ក្រុមហ៊ុន ទំាងក្នុងស្រុក និងបរទេស ដោយប្រើប្រាស់រយៈពេលសាងសង់ ៦០០ថ្ងៃ និងថវិកាចំនួន ៣៦.៧២៦.៨៨៨ដុល្លារ (រួមទាំងតម្លៃដី)។
វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បំពាក់ទៅដោយឧបករណ៍សម្ភារការិយាល័យ ឧបករណ៍តាមបន្ទប់រៀនទំនើប និងទាន់សម័យ ព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិជ្ជាព័ត៌មានគ្រប់អគារទាំងអស់។ អគារទាំងនេះសង់លើផ្ទៃដីទំហំ ៧៥,៧៥០ម២ ដែលរួមមានអគារសិក្សា ២កម្ពស់ ៥ជាន់ មានបន្ទប់រៀន ចំនួន៨ បន្ទប់ ដែលអាចទទួលនិសិ្សតបានពី ៦.០០០-៧.០០០នាក់ (សរុប៣វេនសិក្សា) អគាររដ្ឋបាល១កម្ពស់៣ជាន់ ដែលនៅក្នុងអគារនោះមានអាហារដ្ឋាន១កន្លែង បណ្ណាល័យ១ កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន៤៧បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅសរុបចំនួន ១៣៧នាក់ ទីធ្លា សម្រាប់ចតយានយន្តធំទូលាយ ទីលានបាល់ទាត់ ទំហំ ៨.០៨៨ ម២ បាល់បោះ និងបាល់ទះ ទំហំ ១.៤៣៨ ម២។
លោកបណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានថ្លែងថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការវិវឌ្ឍន៍ច្រើនដំណាក់កាល ដំបូងឡើយ ធនាគារ អេស៊ីលីដា បានបង្កើតផ្នែកហ្វឹកហ្វឺន និងបានកម្លាយខ្លួនជា នាយកដ្ឋានហ្វឹកហ្វឺន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៩ ។ បន្ទាប់មក នាយកដ្ឋានហ្វឹកហ្វឺន បានក្លាយជា មជ្ឈមណ្ឌលបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០ ដោយប្រតិបត្តិការដាច់ដោយឡែក ពីធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយទទួលខុសត្រូវពេញលេញលើកិច្ចការ បណ្តុះបណ្តាលធនធានមនុស្ស របស់ធនាគារ និងសិក្ខាកាមសាធារណៈ ទាំងក្នុង និងក្រៅប្រទេស ។
លោកបណ្ឌិតបន្ដថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ មជ្ឈមណ្ឌលបណ្តុះបណ្តាល មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន បានទទួលអជ្ញាប័ណ្ណជាក្រុមហ៊ុនពាណិជ្ជកម្មឯកជន និងជាបុត្រសម្ព័ន្ធ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចុះឈ្មោះក្នុងបញ្ជិកាពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្មកម្ពុជា ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ដែលមាននាមករណ៍ក្រុមហ៊ុនថា «អេស៊ីលីដា ត្រេននីង សេនធ័រ» ត្រូវបានទទួលស្គាល់ ជានីតិបុគ្គលពេញលក្ខណៈច្បាប់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១ ក្រោមអត្តលេខចុះបញ្ជីពាណិជ្ជកម្មលេខៈCo.១៣៣២KH/២០១១។
អេស៊ីលីដា ត្រេននីង សេនធ័រ បានកម្លាយខ្លួនជា គ្រឹះស្ថានឧត្តមសិក្សាដែលមានឈ្មោះថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ តាមរយៈអនុក្រឹតលេខៈ ១៣អនក្រ.បក សម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
បណ្ឌិត ផុន ណារិន បញ្ជាក់ទៀតថា ដោយសារតែសក្តានុពលនៃ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំណើនសិក្ខាកាម ទាំងក្នុង និងក្រៅប្រទេសរួមមានដូចខាងក្រោម៖
*សិក្ខាកាមក្នុងប្រទេសមានចំនួន ៣០៥នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើនដល់៦.៤៧៥នាក់ មកពី២៤៥ស្ថាប័ន គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
*សិក្ខាកាមខាងក្រៅប្រទេសមានចំនួន ២៩៨នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើនដល់ចំនួន១.៨៧៧នាក់ មកពី១៤២ស្ថាប័ន ៣០ប្រទេស គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
សម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង វិទ្យាស្ថាន បានបើកបវេសនកាល លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារបានចំនួន៣ជំនាន់ គឺបវេសនកាលឆ្នាំ២០១៦-២០១៧ និង២០១៨ ដែលមាននិស្សិតកំពុងសិក្សាសរុបចំនួន៩០៨នាក់ ក្នុងនោះកម្រិតថ្នាក់បរិញ្ញាបត្រមានចំនួន៦១៤នាក់ បរិញ្ញាបត្ររងចំនួន១៩១នាក់ និងថ្នាក់ភាសាអង់គ្លេសទូទៅមានចំនួន ១០៣នាក់។
*ក្រៅពីកំណើនសិក្ខាកាម និងនិស្សិតខាងលើនេះ ចំនួនវគ្គហ្វឹកហ្វឺនផ្ទៃក្នុង ធនាគារ អេស៊ីលីដាចំនួន២.៦៦៤វគ្គ កម្មករនិយោជិតចូលរួមចំនួន ៣៧.៣៧៩នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩កើនដល់ចំនួន ៥១.៧៩៦វគ្គ កម្មករនិយោជិតចូលរួមចំនួន ៥៦១.២៥៤នាក់ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
*កម្មករនិយោជិតមានចំនួន ៣៤នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើនដល់ចំនួន១២៧នាក់ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ ក្នុងរយៈពេល២ទស្សវត្សចុងក្រោយនេះ ទីផ្សារការងារកម្ពុជា និងសកល ដែលត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់។ ជាឱកាសដ៏វិសេសវិសាលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះទុន វិនិយោគលើវិស័យអប់រំ ដោយសាងសង់អគារ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងគោលបំណងបំពេញតំរូវការចាំបាច់នៃកំណើនសិស្សនិស្សិតនិងសិក្ខាកាម ជាការរួមចំណែកនៅក្នុងវិស័យអប់រំ ចែករំលែកនូវបទពិសោធន៍ជោគជ័យ ចំណេះជំនាញ សីលធម៌ និងពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា នៃកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អស់លោក ជាថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែលសម្រេចបានដោយជោគជ័យនូវ ការស្ថាបនា វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នេះឡើង» ។
វិទ្យាស្ថាននេះត្រូវ បានរៀបចំឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានក្រសួងអប់រំ, យុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។
ជាការពិត វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលសម្រេចបានក្នុងវិស័យអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនកើតឡើង ដោយចៃដន្យនោះទេ ពោលគឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងការអនុវត្តគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ និង កសាងធនធានមនុស្ស ។ដូច្នេះ ពិធីសម្ពោធជាផ្លូវការនូវ វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នាពេលនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការចូលរួមចំណែក របស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយគុណភាពខ្ពស់ ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្ដថា «ទន្ទឹមនេះដែរ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការកសាង វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ស្របតាមបទដ្ឋានអន្តរជាតិ ដូចសាកលវិទ្យាល័យនានានៅតាមបណ្តាប្រទេស ក្នុងតំបន់មួយចំនួន ដោយមានជាអគារសិក្សាទំនើប និងប្រណិត, បន្ទប់សិក្សាបំពាក់ដោយ ឧបករណ៍គ្រប់គ្រាន់, មានបណ្ណាល័យធំទូលាយ និងទំនើបទាន់សម័យ, ទីធ្លាវិទ្យាស្ថានមានលក្ខណៈធំទូលាយ, មានសួនច្បារ, ទីលានបាល់ទាត់, បាល់បោះ និងបាល់ទះ ។វិទ្យាស្ថាននេះ អាចត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌល សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និង កីឡា និងជាជម្រើសដ៏ល្អមួយសម្រាប់សិស្ស និសិ្សត និងសិក្ខាកាម ទំាងក្នុង និងក្រៅប្រទេស សម្រាប់បន្តការសិក្សា ដើម្បីទទួលបានចំណេះជំនាញ និងបទពិសោធការងារច្បាស់លាស់»។
ឆ្លៀតឱកាសនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងជាតំណាងឱ្យរាជរដ្ឋាភិបាល ក៏បានសំដែងការអបអរសាទរ និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល ថ្នាក់-ដឹកនាំ និងបុគ្គលិក នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា និងសូមលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ និងឲ្យសូមបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ពោលគឺការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ផ្នែកហិរញ្ញវត្ថុ និង ធនាគារ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕