(ភ្នំពេញ)៖ អាជ្ញាធរតាមបណ្ដាខណ្ឌដើម្បីដោះស្រាយបញ្ហាសំរាម ដែលបាននិងកំពុងគចោលនៅតាមដងផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី ផ្ទុះការតវ៉ាសុំតម្លើងប្រាក់ខែ ហើយឈប់ចុះប្រមូលសំរាមនោះ បានបើកយុទ្ធនាការប្រមូលសំរាមជាបណ្ដោះអាសន្ន ទម្រាំមានដំណោះស្រាយឡើងវិញ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គេសង្កេតឃើញសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈនានា និងជាពិសេសមុខផ្ទះប្រជាពលរដ្ឋនោះ ក្លាយជាគំនរដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បានផ្អាកការងារចុះទៅប្រមូលសំរាម ដោយសារតែពួកគេតវ៉ាសុំឲ្យក្រុមហ៊ុនរបស់ខ្លួន តម្លើងប្រាក់ឈ្នួល ទូទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារជាដើម។
ក្រោយមានបញ្ហានេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ម្ខាងបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះអាសន្ន និងម្ខាងទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជួបពិភាក្សារកដំណោះស្រាយ ជាមួយតំណាងថៅកែក្រុមហ៊ុន តំណាងសហជីព និងតំណាងកម្មករប្រមូលសំរាម ឈានទៅដល់បញ្ចប់បញ្ហាទាំងស្រុង កុំឲ្យរាំងស្ទះចំពោះការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។
សម្រាប់ខណ្ឌឫស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងប្រជាការពារ ចុះទៅប្រមូលកាកសំណល់ និងសំរាមទាំងឡាយតាមផ្លូវមួយចំនួន ជាពិសេសផ្លូវជាតិលេខ៥ ជាដំណោះស្រាយបណ្ដោះអាសន្ន ជៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ដោយឡែក នាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាប ឌីណា ក៏បានបញ្ជាក់ផងដែរថា លោកអភិបាលខណ្ឌ ក៏បានបញ្ចេញកម្លាំងប្រជាការពារសរុប៦០នាក់ ជួលរថយន្ដបែន៤គ្រឿង រថយន្ដខណ្ឌ៤គ្រឿង និងម៉ូតូកង់បីរបស់ខណ្ឌ៤គ្រឿង ចុះទៅប្រមូលសំរាមនៅតាមទីផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដោះស្រាយបញ្ហាចំពោះមុខមួយអន្លើរសិន។
កាលពីឆ្នាំកន្លងទៅបងប្អូនកម្មករ ក្រុមហ៊ុន ស៊ិនទ្រី ក៏បានផ្ទុះការតវ៉ាពាក់ព័ន្ធនឹងប្រាក់ឈ្នួលផងដែរ ប៉ុន្ដែភ្លាមអាជ្ញាធរ និងក្រុមហ៊ុន មានដំណោះស្រាយដោយតម្លើងប្រាក់ឈ្នូលជូនពួកគេ ទាំងក្រុមវេនថ្ងៃ និងវេនយប់ បានសមរម្យទើបពួកគេ ព្រមឈប់ការទាមទារចាប់ពីពេលនោះមក៕