Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅតំបន់កសិកម្មស្រូវរដូវប្រាំងនៃទឹកដីជំពុះទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានចិត្តសប្បាយរីករាយ ក្នុងការបង្កបង្កើនផល

27-12-2018 11:20

(ស្វាយរៀង)៖ ប្រជាកសិកររស់នៅតំបន់ព្រំដែនភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានភាពសប្បាយរីករាយ ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងនាឆ្នាំនេះ ដោយឃើញស្រូវរបស់ខ្លួន មានការលូតលាស់ល្អ ព្រោះមានប្រព័ន្ធធារាសាស្ត្រ អាចស្រោចស្រពគ្រប់គ្រាន់ ទាំងនេះជាអំណោយផលមួយ ដែលជំរុញឲ្យជីវភាពរស់នៅ របស់ពួកគាត់កាន់តែប្រសើរឡើង។

ប្រជាពលរដ្ឋរស់នៅតំបន់នេះ បានប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យដឹងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ថា ពួកគាត់រស់នៅបង្កបង្កើនផលស្រូវ លើដីព្រំដែនជាប់ ប្រទេសវៀតណាម មិនដែលមានបញ្ហាអ្វីនោះទេ ហើយផលស្រូវដែលបានមក តែងតែលក់ទៅឲ្យឈ្មួញវៀតណាមក្នុងតម្លៃសមរម្យ។

ពួកគាត់បានបន្ថែមទៀតថា ចំពោះបញ្ហាទឹកដី ពួកគាត់រស់នៅតំបន់នេះ តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក គឺនៅដដែលមិនមាន ការបាត់បង់ដូចការចោទប្រកាន់ របស់ក្រុមជ្រុល និយមមួយចំនួន ដែលបានចោទប្រកាន់នាពេលកន្លងមកនោះទេ។

ប្រជាពលរដ្ឋបានបន្តថា អ្វីដែលរឹតតែធ្វើឲ្យពួកគាត់កក់ក្តៅនោះ គឺសប្បាយចិត្តនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានគិតគូអំពីខ្សែក្រវ៉ាត់ព្រំដែន ក្នុងការការពារ បូរណភាពទឹកដី និងឈានដល់ការបោះបង្កោលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនេះសបញ្ជាក់ឲ្យឃើញថា ភាពរឹងមាំនៃកម្ពុជា គឺការការពារបូរណៈភាពទឹកដី មិនឲ្យបរទេសណាឈ្លានពានបានឡើយ។

ជាមួយគ្នានោះ បងប្អូនប្រជាកសិករ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដោយពួកគាត់ស្នើសុំស្តាប្រឡាយ និងសាងសង់ផ្លូវធ្វើដំណើរ នៅតាមអមសងខាងប្រឡាយ រហូតទៅដល់ព្រំដែនវៀតណាម នៅក្នុងតំបន់ឃុំចន្ទ្រា ស្រុកចន្ទ្រាផងដែរ៕