(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Facebook នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា មរតកតេជោដែលជាជ័យជំនះរបស់កម្ពុជាទាំងមូល នឹងបន្សល់ទុកជូនកូនខ្មែរជំនាន់ក្រោយអោយបានឃើញច្បាស់តាមរយៈវិមានឈ្នះ ឈ្នះ ដែលនឹងសម្ពោធនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

សម្តេចតេជោបានបញ្ជាក់ផងដែរថា នៅទីនោះជនរួមជាតិនឹងបានឃើញនូវវិមានដ៏ធំមួយដែលត្រូវបានកសាងឡើងរំលេចដោយរូបសំណាក ចម្លាក់ជញ្ជាំងថ្ម ផ្ទាំងរូបថតប្រវត្តិសាស្រ្ត វីដេអូអេឡិកត្រូនិក ។ល។ ដែលបានរៀបចំដាក់តាំងបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានឃើញច្បាស់អំពីប្រវត្កិពិត នៃការតស៊ូរំដោះប្រទេសដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តួលរំលំរបបវាលពិឃាតប៉ុលពត និងរំលាយចោលអស់ទាំងស្រុងនូវតំបន់ត្រួត្រាជាច្រើនដោយភាគីផ្សេងៗ។

ការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ បានធ្វើឱ្យកម្ពុជាក្លាយមកជាប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃខួបលើកទី២០ នៃការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យប្រទេសកម្ពុជា មានសន្តិភាពយូរអង្វែងដូចសព្វថ្ងៃ។

ពិធីសម្ពោធវិមានឈ្នះ ឈ្នះនេះ នឹងធ្វើឡើងយ៉ាងឱឡារឹកបំផុត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិប្រទេសជិតខាងកម្ពុជា និងអគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕